ភ្នំពេញ៖ ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀតជាច្រើន នឹងកើតឡើង នៅក្រោមដី នាសួនច្បារសាធារណៈមួយកន្លែង ជិតផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំនាពេលខាងមុខ ដែលជាសមិទ្ធផលថ្មីមួយទៀតមិនធ្លាប់មាន នៅក្នុងខណ្ឌ ដូនពេញ ក្រោមម្លប់សន្តិភាព ដែលកម្ពុជារកបានមកដោយលំបាក។ ចំណតរថយន្ត ផ្សារទំនើប និងភោជនីយដ្ឋានខាងលើនេះ បានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ នាព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្រោមដីឡូត៍ ផ្លូវលេខ ១០៦- ១០៨ និងលេខ ១៣-១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍អោយដឹងថា ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតត្រូវបានស្ថាបនាឡើង ដោយក្រុមហ៊ុន អុីឌីស៊ីផូ (ខេមបូឌា) ដែលជា ក្រុមហ៊ុនក្នុងស្រុក។ គម្រោងនេះ ក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមានទាំងចំណតសាធារណៈ ផ្សារទំនើប និងសេវាកម្មផ្សេងៗ ស្ថិតនៅខាងក្រោមដី ដែលជាគម្រោងថ្មីមួយមិនធ្លាប់មាន នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។ គម្រោងនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយ ទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត ចតុកោណ ដំណាក់កាលទី៤ ចុងអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា យ៉ាងពិតប្រាកដ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ខណ្ឌដូនពេញ នាពេលបច្ចុប្បន្ន បានក្លាយជាចំណុចប្រសព្វដ៏សំខាន់ និងជាតំបន់លំនៅឋាន-ពាណិជ្ជកម្ម ដ៏ធំមួយចំកណ្តាលបេះដូងរាជធានីភ្នំពេញ ដែលមានលំហូរចរាចរណ៍យានយន្តធ្វើ ដំណើរលើដងផ្លូវយ៉ាងមមាញឹកស្ទើរ តែគ្រប់ពេលវេលា និងមានចរន្តនៃការដោះដូរទំនិញ-សេវាកម្មទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិយ៉ាងសកម្ម បំផុត រួមមាន វិស័យធនាគារ-ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម-សេវាកម្មទំនើប, ការស្តុកទុក-ចែកចាយផលិតផលសម្រេចក្នុងស្រុក និងបរទេស ព្រមទាំងការជួញដូរក្នុងទីផ្សារចម្រុះជាដើម។
សកម្មភាពទាំងនេះបានធ្វើឱ្យទីក្រុង កាន់តែមានភាពរស់រវើកទាក់ទាញ និងមមាញឹកបំផុត។
ឯកឧត្តមអភិបាល បានបន្តថា គម្រោងសាងសង់ចំណត រថយន្ត និងផ្សារទំនើបនៅខាងក្រោមដីរបស់ ក្រុមហ៊ុន អុីឌីស៊ីជូតា (ខេមបូឌា)នាពេលនេះ គឺជាការរួមចំណែកដ៏ល្អរបស់វិស័យឯកជន ក្នុងភាពជាដៃគូជាមួយនិងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយនូវបញ្ហាចំណតសាធារណៈក្នុងទីក្រុង បង្កើតជម្រើសធុរកិច្ចជូនបងប្អូនអាជីវករ កាន់តែសម្បូរបែប និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ។
លោកជំទាវ ឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុន អុីឌីស៊ីជូតា (ខេមបូឌា) បានមានប្រសាសន៍ថា ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល ដោយសាងសង់ចំនួន ៤ជាន់ ២ជាន់ជាចំណតរថយន្ត ២ជាន់ទៀតជាផ្សារទំនើប លើផ្ទៃដីទំហំ៣៣១២០ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន៥១៦គ្រឿង។
គោលបំណងដែលក្រុមហ៊ុន អុីឌីស៊ីជូតា (ខេមបូឌា) បង្កើតឡើងនូវគម្រោងខាងលើនេះ គឺដើម្បីចូលរួមកាត់បន្តយ ការកកស្ទះចរាចរ និងបង្កើតមុខរបរអោយអាជីវករតូចតាច អាចប្រកបមុខរបរលក់ដូរនៅក្នុងអគារក្រោមដីនេះបាន៕
ដោយះ សំអាតនិងពិសិដ្ឋ






