
ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៦,២២៤ នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ របស់អាជ្ញាធរសុខាភិបាល នៅក្នុងតំបន់ប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៥៣នាក់ និងរបួស៣៥៧នាក់ទៀត ដែលនាំឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់៨១.៧៧៧ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះប៉ាឡេស្ទីន -អ៊ីស្រាអែលក្នុងខែតុលា ឆ្នាំ ២០២៣។
ទាហានអ៊ីស្រាអែល បានដកខ្លួនចេញពីតំបន់ភាគខាងលិច និងភាគខាងត្បូងនៃទីក្រុង Jabalia ភាគខាងជើង Gaza ខណៈដែលទាហានមួយចំនួននៅតែស្ថិតក្នុងតំបន់ភាគខាងជើង និងភាគខាងកើតនៃទីក្រុង។
អ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១២០០នាក់ត្រូវបានសម្លាប់ និងប្រហែល២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

