ការប្រកាសបិទមិនអោយធ្វើដំណើរឆ្លងកាត់ជាបណ្តោះច្រកអន្តរជាតិអូរស្មាច់ បានធ្វើឡើងដោយឯកភាព រវាងអាជ្ញាធរខេត្តប្រទេសទាំងពីរ ក្រោមការជួបសម្របសម្រួលគ្នា វេលាម៉ោង ៨ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ភាគីខាងកម្ពុជា ដឹកនាំដោយឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ជួបជាមួយ ឯកឧត្តម កៃសន កងឆ្លាត អភិបាលខេត្តសុរិន្ទ នាបរិវេណមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម ស្ថិតសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខាងថៃស្រុកកាប់ឈើ ខេត្តសុរិន្ទ។
ក្នុងការជួបប្រជុំរវាងអាជ្ញាធរខេត្តទាំងពីរ បានឯកភាពគ្នាប្រកាសបិទច្រកទ្វារអន្តរជាតិព្រំដែនអូរស្មាច់ បណ្តោះអាសន្ន ជាផ្លូវការ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ ដោយមិនអនុញ្ញាតអោយពលរដ្ឋប្រទេសទាំងពីរ ធ្វើដំណើរឆ្លងកាត់នោះឡើយ។
ហើយខាងភាគីថៃ ហាមមិនអោយពលរដ្ឋខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយអនុញ្ញាតពលរដ្ឋខ្មែរដែលធ្វើការនៅថៃអាចធ្វើដំណើរមកកម្ពុជាវិញបាន។
ដោយឡែកនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋប្រទេសទាំងពីរអាចធ្វើដំណើរជាធម្មតាដដែល។
ក្នុងនោះដែរភាគីទាំងពីរក៏បានឯកភាពគ្នាបិបណ្តោះអាសន្ន ក៏បានព្រមព្រៀងគ្នាជារួមដូចជា៖១-ឯកភាពរួមសហការណ៍គ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងដែន ២-សម្របសម្រួលការឆ្លងដែនដល់អ្នកជំងឺសង្រ្គោះបន្ទាន់ លើកលែងតែជំងឺកូវីដ-១៩ ៣-សហការ និងសម្របសម្រួលដល់ការឆ្លងដែនចេញ ចូលទំនិញមានលក្ខណៈពាណិជ្ជកម្ម និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនៃប្រទេសទាំងពីរ ៤-បន្តទំនាក់ទំនង និងផ្តល់ព័ត៌មានគ្នាទៅវិញទៅមកជាប់ជាប្រចាំ ។






