
អាជ្ញាធរបាននិយាយថា ច្រកព្រំដែនចំនួនបួនត្រូវបានបិទរវាងសហរដ្ឋអាមេរិក និងកាណាដា បន្ទាប់ពីរថយន្តមួយគ្រឿងបានផ្ទុះ នៅចំណុចត្រួតពិនិត្យមួយនៅម្ខាងសហរដ្ឋអាមេរិក នៃស្ពានតភ្ជាប់ប្រទេសទាំងពីរ នៅឯទឹកធ្លាក់ Niagara (ណាយអា ហ្ការ៉ា) ក្នុងរដ្ឋញូវយ៉ក។
មន្ត្រីអនុវត្តច្បាប់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា មនុស្សពីរនាក់នៅក្នុងរថយន្តត្រូវបានស្លាប់ នៅក្នុងការផ្ទុះដែលបានកើតឡើង។
ស្ពានចំនួនបីផ្សេងទៀតតភ្ជាប់ភាគខាងលិចទីក្រុងញូវ យ៉ក និងរដ្ឋ Ontario (អន់តារីអូ) ត្រូវបានបិទយ៉ាងឆាប់រហ័ស ដើម្បីជាការប្រុងប្រយ័ត្ន ខណៈអាកាសយានដ្ឋានអន្តរជាតិ Buffalo- Niagara (បាហ្វាឡូ-ណាយអាហ្ការ៉ា) បានចាប់ផ្តើមការត្រួតពិនិត្យសុវត្ថិភាពលើរថយន្តទាំងអស់ និងបានប្រាប់អ្នក ដំណើរឱ្យគិតទុកមុនថានឹងមានការត្រួតពិនិត្យបន្ថែម។
ក្នុងបញ្ហានេះ មិន ទាន់មានព័ត៌មានអ្វីបន្ថែមភ្លាមៗ អំពីមូលហេតុនៃការផ្ទុះនេះទេ។ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau (ចាស្ទីន ទ្រូដូ) បានផ្តល់ព័ត៌មានសង្ខេប ហើយសេត វិមានបាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់៕



