ខេត្ដបាត់ដំបង ៖ ក្រសួងទេសចរណ៍ បានកំពុងរៀបចំធ្វើការស្រាវជ្រាវបន្ថែម លើគោលនយោបាយដែលមានស្រាប់ ក្នុងការពង្រឹងគោលដៅទេសចរណ៍នានា នៅទូទាំងប្រទេសឲ្យកាន់តែល្អប្រសើរ ដើម្បីឲ្យភ្ញៀវទេសចរណ៍ ពិសេសទេសចរណ៍បរទេស មកលេងកម្សាន្តកាន់តែច្រើន។
ការលើកឡើងនេះ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តបាត់ដំបង ក្នុងសិក្ខាសាលាស្ដីពីយុទ្ធសាស្ត្រសិក្សាស្រាវជ្រាវ ឆ្លើយតបនឹងការអភិវឌ្ឍន៍គោលនយោបាយទេសចរណ៍ និងសមត្ថភាពសិក្សាស្រាវជ្រាវលើវិស័យទេសចរណ៍កម្ពុជា។
ឯកឧត្តម កើត ពុទ្ធវរី នាយកវិទ្យាស្ថានជាតិទេសចរណ៍ បានមានប្រសាសន៍ថា ដើម្បីឈានដល់ការរៀបចំបន្ថែមលើគោលនយោបាយទេសចរណ៍ដែលមានស្រាប់ ក្រសួងបានប្រជុំអ្នកពាក់ព័ន្ធវិស័យទេសចរណ៍ទូទាំងប្រទេស ប្រមាណជាង២០០នាក់ ស្ដាប់បទបង្ហាញរបស់វាគ្មិនមកពីបរទេស និងក្នុងប្រទេស ដែលមានជំនាញផ្នែកទេសចរណ៍ ដើម្បីជាគោលដៅឲ្យពួកគាត់យកទៅស្រាវជ្រាវបន្ត ក្នុងការប្រមូលចំណុចល្អៗមកអនុវត្តន៍ ក្នុងគោលនយោបាយដែលនឹងត្រូវដាក់បញ្ចូលថ្មី។ នេះគឺជាផែនការគោលដៅបន្តរបស់កម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ឲ្យមានការរីកចម្រើន មានប្រសិទ្ធភាព ដែលធានាបាននូវការអភិវឌ្ឍន៍និរន្តរភាព ពី១០ ទៅ២០ឆ្នាំខាងមុខ។
លោកសាស្ត្រាចារ្យ Bill Carter អ្នកជំនាញស្រាវជ្រាវផ្នែកទេសចរណ៍ មកពីប្រទេសអូស្ត្រាលីបានលើកឡើងថា ការស្រាវជ្រាវចំណុចល្អៗ យកមកអនុវត្តន៍ លើការពង្រឹងវិស័យទេសចរណ៍ សូមកុំខ្វល់ពីការលំបាក ត្រូវកំណត់គោលដៅឲ្យច្បាស់លាស់ ដើម្បីយកគំនិត និងបទពិសោធន៍នានា មកអនុវត្តន៍នៅកម្ពុជា។ ក្រោយបញ្ចប់សិក្ខាសាលារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៨នេះ សិក្ខាកាមទាំងអស់នឹងយកបទពិសោធន៍ដែលវាគ្មិននានាធ្វើបទបង្ហាញរួច អាចយកទៅអនុវត្តន៍លើការស្រាវជ្រាវនេះ។
តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០២០ កម្ពុជានឹងទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ៧លាននាក់ ដែលអាចរកប្រាក់ចំណូលបានប្រមាណជាង ៥ពាន់លានដុល្លារ បង្កើតការងារដោយផ្ទាល់ប្រមាណជាង ១លាននាក់ និងការងារដោយប្រយោលរាប់លាននាក់បន្ថែមទៀត។ នៅឆ្នាំ២០២៥ អាចនឹងទទួលបានភ្ញៀវទេសចរ ១០លាននាក់ បង្កើតការងារដោយផ្ទាល់ ប្រមាណ ១លាន២សែននាក់ ហើយឆ្នាំ ២០៣០ អាចនឹងទទួលបាន ១៥លាននាក់ បង្កើតការងារដោយផ្ទាល់ប្រមាណ ២លាននាក់ផងដែរ៕ អ៊ុង សារុំ







