កំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន០៤នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិឃុំត្រែងត្រយឹង សហការជាមួយកម្លាំងនគរបាលស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើចំនួន០៤នាក់ ដកហូតម៉ាទឹកកកចំនួន០៩កញ្ចប់ ខណៈដែលក្រុមជនសង្ស័យកំពុងតែប្រមូលផ្តុំគ្នាចរាចរណ៍ និងសេពគ្រឿងញៀន កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះសំណាក់យីហោ ឡេង មុំ ស្ថិតនៅក្នុង ភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកបាននិយាយអោយដឹងថានៅមុនពេលឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើគឺ កម្លាំងអធិការនគរបាលស្រុកភ្នំស្រួច បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិឃុំត្រែងត្រយឹង បានបង្ក្រាបមុខសញ្ញា ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនបាន ០៤នាក់ ដែលទី០១ មាន ឈ្មោះ អាន់ វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី០២ ឈ្មោះ រះ វឺរ៉ូត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី០៣ ឈ្មោះ អាត ប៊ុនថា ភេទ ប្រុស អាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដ និងទី០៤ ឈ្មោះ ម៉ែន ចាន់តារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ។
ជនសង្ស័យទាំង៤នាក់បានស្នាក់នៅបន្ទប់ជួលផ្ទះ ឡេង មុំ ភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ក្រោយពីឃាត់ខ្លួនឆែកឆេររកឃើញ និងដកហូតបានក្រាមពណ៌សថ្លាសង្ស័យថាជា គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន០៩កញ្ចប់ (៨កញ្ចប់តូច និង ០១កញ្ចប់ មធ្យម) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ទូរស័ព្ទដៃចំនួន០១គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀតផងដែរ។
បន្ទាប់ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅ
ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនិតិវិធី៕ អ៊ុ ណូន








