
បុរសជនជាតិអង់គ្លេសម្នាក់ ដែលធ្វើការនៅស្ថានទូតចក្រភពអង់គ្លេសនៅទីក្រុងប៊ែរឡាំង បានសារភាពថាមានពិរុទ្ធចំពោះបទល្មើសចំនួនប្រាំបីក្រោមច្បាប់សម្ងាត់ផ្លូវការទាក់ទងនឹងការបញ្ជូនព័ត៌មានដែលមានប្រយោជន៍ដល់ប្រទេសរុស្ស៊ី។ លោកដាវីត បលឡានថាញ ស្មីត (David Ballantyne Smith) បុរសអាយុ ៥៨ ឆ្នាំរូបនេះ បានសារភាពថា មានកំហុសដល់ទៅប្រាំបី។ លោក ស្មីត បានបង្ហាញខ្លួន និងបានសារភាពថា មានកំហុសចំពោះការបញ្ជូនព័ត៌មានអំពីមន្ត្រីរាជការរបស់ចក្រភពអង់គ្លេសទៅកាន់ឧត្តមសេនីយឯក សឺកេ ឈូខូរូវ ដែលបានពិពណ៌នានៅក្នុងដីកាចោទប្រកាន់ថាជាអនុព័ន្ធយោធារុស្ស៊ីប្រចាំទីក្រុងប៊ែរឡាំងរវាងខែតុលាដល់ខែធ្នូឆ្នាំ ២០២០។
គាត់ក៏បានសារភាពចំពោះការចោទប្រកាន់ចំនួនប្រាំពីរផ្សេងទៀតដែលទាក់ទងនឹងការប្រមូលព័ត៌មានដែលអាច មានប្រយោជន៍សម្រាប់សត្រូវ ពោលគឺរដ្ឋរុស្ស៊ី រួមទាំងសម្ភារៈ ទាក់ទងនឹងប្រតិបត្តិការ និងប្លង់ស្ថានទូតអង់គ្លេសនៅទីក្រុងប៊ែរឡាំងផងដែរ។
ប្រែសម្រួលដោយ: ជ ង៉ា


