ខេត្ដបន្ទាយមានជ័យ ៖ ជញ្ជីងយុត្តិធម៌ចំនួន២ ត្រូវបានដាក់នៅផ្សារចំនួន២ ក្នុងក្រុងសិរីសោភ័ណ រួមមាន ផ្សារចំការគរ (ផ្សារថ្មី) និងផ្សារសិរីសោភ័ណ ដើម្បីជួយរកយុត្តិធម៌ចំពោះបងប្អូន ដែលមានការសង្ស័យថារបស់របរដែលបានទិញពីផ្សារមិនគ្រប់ចំនួនគីឡូ គឺបងប្អូនអាចយកទៅថ្លឹងជញ្ជីងយុត្តិធម៌បាន ដើម្បីបង្ហាញឲ្យកាន់តែច្បាស់ថា តើគ្រប់គីឡូហើយឬនៅដើម្បីធ្វើការតវ៉ា ដែលទាំងអស់នេះ គឺជាអ្វីដែលបងប្អូនប្រជាពលរដ្ឋ ចង់បាននូវភាពយុត្តិធម៌រវាងអ្នកលក់ និងអ្នកទិញ ក៏ដូចជាបង្ហាញពីភាពស្មោះត្រង់ ចំពោះគ្នាទៅវិញទៅមក។
តាមការបញ្ជាក់ឲ្យដឹងពីលោក នាង ហាវ អភិបាលរងក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថា ដើម្បីភាពស្មោះត្រង់ចំពោះអ្នកលក់ និងអ្នកទិញ ប្រកបដោយភាពសុក្រិត និងយុត្តិធម៌ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាមរយៈមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីរដ្ឋបាលក្រុង បានយកជញ្ជីងទាំង២ខាងលើ ទៅដាក់នៅផ្សារគោលដៅចំនួន២ មានផ្សារចំការគរ និងផ្សារសិរីសោភ័ណ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានទិញបន្លែ ត្រី សាច់ បើមានការសង្ស័យថាមិនគ្រប់គីឡូ គឺបងប្អូនអាចយកទៅថ្លឹងនៅជញ្ជីងយុត្តិធម៌ ដើម្បីរកភាពមិនប្រក្រតី បើសិនឃើញថាមិនគ្រប់ចំនួនគីឡូ បងប្អូនអាចទៅធ្វើការតវ៉ាជាមួយនឹងអ្នកលក់វិញ។
លោកអភិបាលរងក្រុង បានបញ្ជាក់ថា ការថ្លឹងនៅជញ្ជីងយុត្តិធម៌ គឺមិនមានការគិតថវិកានោះទេ ហើយក៏មានកងកម្លាំងនគរបាល ក៏ដូចជាប្រជាការពារនៅទីនោះ ដើម្បីពិនិត្យជាប្រចាំផងដែរ។
ទន្ទឹមជាមួយគ្នានោះដែរ ប្រជាពលរដ្ឋក៏បានសម្តែងនូវការសាទរជាខ្លាំង ចំពោះវត្តមានជញ្ជីងយុត្តិធម៌មាននៅផ្សារក្នុងក្រុងសិរីសោភ័ណ ដោយពួកគាត់ខ្លះបានលើកឡើងថា ៖អាជីករខិលខូចមួយចំនួន តែងមានការបន្លំភ្នែកជញ្ជីង ដើម្បីទទួលបានការចំណេញច្រើន តែពេលមានជញ្ជីងនេះ ពួកគាត់លែងមានក្តីព្រួយបារម្ភរឿងការបន្លំភ្នែកជញ្ជីងទៀតហើយ។
សូមបញ្ជាក់ថា ការដាក់ជញ្ជីងយុត្តិធម៌នេះ នឹងត្រូវធ្វើជាជំហានៗ ដោយក្នុងជញ្ជីងយុត្តិធម៌ខាងលើ ក៏នឹងមានវត្តមាននៅក្នុងផ្សារទូទាំងក្រុងសិរីសោភ័ណ ក៏ដូចជានៅទូទាំងខេត្តផងដែរ៕






