ខេត្តកណ្តាល៖
ជនជាតិវៀតណាមពីរនាក់ប្តីប្រពន្ធ ត្រូវជនជាតិចិនចូលកាប់ប្រហារប្លន់ដល់កន្លែងដេក ជាច្រើនកាំបិតបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្នុងតូបលក់គុយទាវ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា៖ ជនរងគ្រោះទាំងពីរនាក់ខាងលើ ទី១-ឈ្មោះ ង្វៀង យ៉ាំងយ៉ុង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម (ប្តី) និងទី២-ឈ្មោះ ដង ធីយឹង ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម (ប្រពន្ធ)។ ជនរងគ្រោះទាំងពីរនាក់មានមុខរបរលក់គុយទាវ ស្នាក់នៅក្នុងភូមិ-ឃុំ កើតហេតុ។
លោក ឈឿន សុចិត្ត បានឲ្យដឹងទៀតថា៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីលក់ដូរ និងរៀបចំទុកដាក់ឥវ៉ាន់សម្រាប់លក់ដូររួច នៅពេលយប់ជនរងគ្រោះ២នាក់ ប្ដីប្រពន្ធបានចូលដេកក្នុងតូបលក់គុយទាវរបស់ខ្លួនដូចសព្វដង។
លុះដល់វេលាម៉ោងជាង១រំលងអធ្រាត ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្រាប់តែមានជនសង្ស័យ បានដើរចូលមកដល់កន្លែងដេករបស់ជនរងគ្រោះ រួចយកកាំបិតកាប់ទៅលើជនរងគ្រោះទាំង២នាក់ ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ រួចហើយបានប្រតាយប្រតប់គ្នា ហើយជនរងគ្រោះជាប្រពន្ធបានស្រែកហៅអ្នកលក់ផ្លែឈើនៅក្បែរនោះឲ្យជួយ តែភ្លាមនោះ ជនសង្ស័យបានរត់គេចចេញពីកន្លែងកើតហេតុបាត់តែម្ដង ។
ចំណែកជនរងគ្រោះ ត្រូវបានអ្នកជិតខាងយកទៅសង្គ្រោះព្យាបាលនៅប្រទេសវៀតណាម ។
លោកបន្តថា ករណីនេះ តាមការសន្និដ្ឋានជំហានដំបូង អាចជាករណី ប៉ុនប៉ង លួចមានស្ថានទម្ងន់ (ប្លន់) តែមិនបានសម្រេច ដោយសារមានការប្រតាយប្រតប់គ្នា ហើយជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយ ទើបធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួនបាត់តែម្តង។
សូមបញ្ជាក់ថា៖ រហូតដល់វេលាម៉ោងជាង១១ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខេត្តកណ្តាល ស្រាវជ្រាវចាប់ខ្លួនជនដៃដល់បានហើយ គឺជាជនជាតិចិន។ ប៉ុន្តែសមត្ថកិច្ចមិនទាន់បានបញ្ជាក់ឱ្យដឹងឈ្មោះរបស់ជនសង្ស័យ និងមូលហេតុច្បាស់លាស់នៅឡើយ៕






