ភ្នំពេញ ៖ បុរសជនជាតិចិន០២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗ បន្ទាប់ពីរូបគេជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្ន ហើយត្រូវរថយន្តកូរ៉េដឹកត្រីបុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ (ជួរផ្លូវមាត់ទន្លេ) កែងនិងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភព័ព៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរស ០២នាក់ ជាជនជាតិចិន បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខស៊េរីចាស់ ដោយធ្វើ ដំណើរតាមបណ្ដោយផ្លូវលេខ១១៨ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ហើយមកដល់ចំណុចកើតហេតុ បានបន្ថយ ល្បឿនបន្តិចក៏បានបត់ឆ្វេងឆ្លងផ្លូវទៅជើងមិនប្រយ័ត្ន ស្របពេលនោះក៏មានរថយន្តកូរ៉េ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2392 ដែលដឹកត្រីឡើងពេញ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនដូចគ្នា ក៏រថយន្ត និងម៉ូតូបុកចំពីមុខគ្នាពេញទំហឹង បណ្ដាលឲ្យជនជាតិចិនដែលជិះម៉ូតូ រងរបួសធ្ងន់ទាំង ០២នាក់ ។
ភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះទៅកាន់មន្ទីពេទ្យឯកជន ។ ចំណែកឯរថយន្ត និងម៉ូតូ បានរងការខូចខាតផ្នែកខាងមុខដូចគ្នា ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកទីកន្លែងកើតហេតុ ហើយទំនាក់ទំនងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យ នៃស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ ៕ សុខ ស៊ីថា









