ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរ និងអាជីវករ រស់នៅក្រុងព្រះសីហនុ មានការព្រួយបារម្ភចំពោះសកម្មភាពរបស់ក្រុមបងតូច បងធំ ជនជាតិចិន ដែលដើរបង្កការអុកឡុកវ៉ៃកាប់ចាក់គ្នា នៅតាមហាងមួយចំនួនក្នុងពេលរាត្រី នាទីប្រជុំជនក្រុង ព្រះសីហនុ។
ពលរដ្ឋ និងភ្ញៀវទេសចរណ៍ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៣ជិតភ្លឺចូល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ មានអាជីវករជនជាតិចិនមួយក្រុម បានមកអុកឡុកការរកស៊ីនៅក្នុងហាង ៨៩៨ មានទីតាំងនៅទល់មុខវិមានលំហែ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្នេរអូរឈើទាល ក្រុង-ខេត្តព្រះសីហនុ។
ជម្លោះនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ ដែលចូលមកកម្សាន្តឆ្នេរអូរឈើទាល ហើយអង្គុយទទួល ទានអាហារ និងភេសជ្ជៈ នៅក្នុងហាង ៨៩៨ រត់ជាន់ជើងគ្នា ប្រាស់អាយុយករួចខ្លួន។
ហេតុការណ៍នេះ នាំឲ្យភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរជនជាតិចិនមួយចំនួន ដែលមកអង្គុយកម្សាន្តនៅក្នុងហាង ៨៩៨ នៃឆ្នេរអូរឈើទាល បានរត់ចែកផ្លូវគ្នាបាតជើងសព្រាត..។
បច្ចុប្បន្ននេះ ម្ចាស់ហាង ៨៩៨ បានដាក់ពាក្យបណ្តឹងទៅស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីស្នើផ្តន្ទាទោសតាម ច្បាប់។ ហើយភ្លាមៗ នគរបាល បានចុះមកដល់ និងបានឃាត់ខ្លួនជនដៃដល់ជនជាតិចិនចំនួន២នាក់ យកទៅសាកសួរ ដើម្បីបន្តនីតិវិធីតាមច្បាប់៕ ដោយ មនោរា











