សៀមរាប ៖ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលជាថៅកែហាងខារ៉ាអូខេ យីហោ (ហ្សេនៀ)បានចង ក ធ្វើអត្តឃាតដោយ ខ្លួនឯង និងខ្សែនីឡុង នៅក្នុងបន្ទប់ទឹក ក្នុងហាងរបស់ខ្លួន។
ហេតុការណ៍ប្រទះឃើញនេះ គឺនៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២៤ ខែក្កដា ឆ្នាំ២០១៨ នៅចំនុចទីតាំងខារ៉ាអូខេ ហ្សេនៀ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា មានហេតុការណ៍ប្រទះឃើញបុរសជនជាតិកូរ៉េខាងត្បូងម្នាក់បានធ្វើអត្តឃាដ (ចងក)សម្លាប់ខ្លួនឯងនៅក្នុងហាងរបស់ ខ្លួននៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២៤ ខែក្កដា ឆ្នាំ២០១៨ នៅចំនុចទីតាំងខារ៉ាអូខេ ហ្សេនៀ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ។
លោកបន្តថា បុរសជនបរទេសឈ្មោះ Chai Sungsoo អាយុ ៥០ឆ្នាំ ជនជាតិកូរ៉េខាងត្បូង មុខរបរថៅកែហាងការ៉ាអូខេ ហ្សេនៀ កាន់លិខិតឆ្លងដែនលេខ M25969251 ផុតកំណត់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ទិដ្ឋាការលេខ EB 01445696. ផុត កំណត់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ស្នាក់នៅផ្ទះជួលបន្ទប់ក្រោយសណ្ឋាគារ ស៊ីធីអង្គរ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប។ និងមានប្រពន្ធឈ្មោះ សេក ស៊ីណា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានកូន០២នាក់ ស្នាក់នៅជាមួយជនរងគ្រោះ ខាងលើ ។
លោកបញ្ជាក់ថា បើយោងតាមការសន្និដ្ឋាន របស់លោកវិជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន និងជំនាញកោសល្យវិច័យខេត្ត ក្រោយឆែក មើលវីដេអូកាមេរ៉ាសុវត្ថិភាព ឃើញថា ជនរងគ្រោះបានកាន់ខ្សែនីឡុង បំណងធ្វើអត្តឃាត (ចងក) នៅបន្ទប់ទឹកបុគ្គលិក ខាងក្រោយដោយខ្លួនឯងពិតមែន ហើយនៅលើខ្លួនសពគ្មានស្លាកស្នាមណាមួយគួរឲ្យកត់សម្គាល់នោះទេ៕ ជា ស្រស់










