បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានជនបរទេសប្រុស-ស្រី ចំនួន៧នាក់ រងរបួសស្រាល ក្នុងចំណោម១៣នាក់ ដោយរថយន្តក្រឡាប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី២៤-៧-២០១៨ វេលាម៉ោង ៣និង១០នាទីរសៀល នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចមុខខ្លោងទ្វាផ្លូវចួលវត្តទឹកជោរ ស្ថិតនៅភូមិតាប៉ុនឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុដំបូងមានរថយន្តក្រុង២៥កៅអីហ្វិនដាយ ពណ៌ស ពាក់ផ្លាកលេខ ភព3D.3724 បើកបរដោយឈ្មោះ ពេជ្រ ដា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិស្លរក្រាម ស្រុកសូត្រនិគមន៍ ខេត្តសៀមរៀប។
រថយន្តបានធ្វើដំណើរដោយបើកបរមកពីទិសខាងលិចទៅទិសខាងកើត ពេលមកដល់ចំណុចកើតហេតុខាងលើ បានជាន់ ប្រាំងបន្ថយល្បឿន ដោយមានរថយន្តបែនដឹកដីនៅខាងមុខ បំរុងវ៉ារថយន្តតូចនៅខាងមុខ ក្នុងទិស្របគ្នាពីលិចទៅកើត ពេលជាន់ប្រាំង ប្រាំងរថយន្តខូចជាប់មិនវិលកង់ បណ្តាលអោយក្រឡាប់មកខាងឆ្វេងដៃ ទើបកើតមានគ្រោះថ្មាក់តែម្តង។
នគរបាល បានប្រាប់ទៀតថា ចំពោះការខូចខាតផ្នែកសម្ភារៈរថយន្តខូចខាតស្រាល រីឯមនុស្សអ្នករួមដំណើរក្នុងរថយន្ត ១៣នាក់ របួសស្រាល៧នាក់ មិនទាន់ដឹងស្រីប្រុសប៉ុន្មាននាក់នោះទេ បច្ចុប្បន្នកំពុងសំរាកនៅមន្ទីពេទ្យស្រុកក្រលាញ់។
ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍ដោយក្រឡាប់រថយន្តនេះ លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ជើងគោកខេត្ត បានបញ្ជាក់ឲ្យដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តដឹក អ្នកដំណើរជនបរទេសនោះ គឺបញ្ហាបច្ចេកទេសយាយន្ត ដោយពេលដែលកើតហេតុ មានរថយន្តដឹកដី បើកពីមុខបំរ៉ុងឡើង ជែងរថយន្តតូច ឃើញដូច្នោះ រថយន្តដែលក្រឡាប់បានជាន់ហ្វ្រាំង ហើយហ្វ្រាំងបានជាប់ដោយមិនងើបវិញ ធ្វើឲ្យរថយន្ត រ៉េចង្កូតក្រឡាប់តែម្តង ។
ចំពោះអ្នករួមដំណើរទាំង១៣នាក់ មានជនជាតិអូស្ត្រាលីចំនួន៣នាក់ ជនជាតិអាមេរិកកាំងចំនួន៥នាក់ ជនជាតិកាណាដា ចំនួន៣នាក់ និងជនជាតិអង់គ្លេសចំនួន២នាក់។ បច្ចុប្បន្នអ្នកទាំង១៣នាក់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តសៀមរាប ហើយ៕ ណុប រក្សា














