ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានប្រកាសឱ្យដឹងថា អាជ្ញាធរប្រទេសម៉ាឡេស៊ី បានតម្រូវឱ្យជនបរទេសទាំងអស់ រួមទាំងពលរដ្ឋខ្មែរ ដែលធ្វើដំណើរចូលទៅប្រទេសរបស់ខ្លួន ត្រូវបង់ថ្លៃធ្វើចត្តាឡីស័កប្រមាណ ១ ១៥០ដុល្លារសម្រាប់អ្នកដំណើរម្នាក់។
ក្នុងសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៤ ខែកញ្ញា នេះ បានលើកឡើងថា ក្រសួងការបរទេសម៉ាឡេស៊ីបានចេញកំណត់ទូតមួយដោយជម្រាបជូនទៅប្រជាពលរដ្ឋខ្មែរដែលជាសិស្សនិស្សិត ពលករ រួមទាំងអ្នកដែលមានទីលំនៅអចិន្ត្រៃយ៍ឬបណ្តោះអាសន្ននៅប្រទេសម៉ាឡេស៊ី រួមទាំងជនបរទេសទាំងអស់ ដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសនេះ ត្រូវបង់ថ្លៃធ្វើចត្តាឡីស័កចំនួន ៤ ៧០០រីងហ្គីត ស្មើប្រមាណ ១ ១៥០ដុល្លារ សម្រាប់អ្នកដំណើរម្នាក់។
សេចក្តីជូនដំណឹងបន្តថា ការបង់ថវិកាសម្រាប់ការធ្វើចត្តាឡីស័កនេះ មិនត្រូវបានអនុវត្តចំពោះអ្នកដែលត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដូចជា អ្នកមានបណ្ណអនុញ្ញាតធ្វើដំណើរ និងអ្នកការទូត។
សេចក្តីជូនដំណឹងបញ្ជាក់ថា ថវិកានេះ នឹងត្រូវបង់ទៅមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ដែលប្រចាំការនៅតាមច្រកចូលអន្តរជាតិនានារបស់ប្រទេសម៉ាឡេស៊ី៕






