
ប៉ោយប៉ែត ៖ ស្ត្រីម្នាក់បានស្លាប់នៅក្នុងផ្ទះ បង្ករការភ្ងាក់ផ្អើល ដែលគេសង្ស័យប្ដីទី៣វាយសម្លាប់ កាលពីវេលាម៉ោង ៦និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិត្រសេកជ្រុំ ឃុំ/ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះ ឃ្លោក ថាញ់ អាយុ៤៣ឆ្នាំ មានស្រុកកំណើតរស់នៅក្នុងភូមិល្វា ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្នាក់នៅកន្លែងកើតហេតុ។ ជនសង្ស័យជាប្ដីមានឈ្មោះ ទុង ថា អាយុ៤៧ឆ្នាំ មានស្រុកកំណើត នៅស្រុកពារាំងខេត្តព្រៃវែង ស្នាក់កន្លែងកើតហេតុ។
សមត្ថកិច្ចបន្ថែមថា មុនកើតហេតុកាលពីថ្ងៃទី២៤ ខែកញ្ញា ២០១៨ កន្លងមក ប្ដីប្រពន្ធខាងលើមកពីលេងផ្ទះសាច់ញ្ញាតិខាងស្រី លុះល្ងាចថ្ងៃដដែល ទើបនាំគ្នាត្រលប់មកវិញ ក៏ផឹកស៉ីបន្តិចបន្តួច មានជម្លោះគ្នាបុរសជាប្ដីបានវាយធ្វើបាបប្រពន្ធទល់ភ្លឺ។ ប្រភពបានបន្ដថា ជនរងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់ ចាប់ពីពេលដែលមានជម្លោះនោះមក ទើបក្រោយពេលមានជម្លោះ ប្ដីដែលជាជនសង្ស័យដឹងថាប្រពន្ធឈឺធ្ងន់ ក៏ចាប់ផ្ដើមថ្នាក់ថ្នមប្រពន្ធវិញ តែលុះថ្ងៃកើតហេតុ ដឹងថាប្រពន្ធស្លាប់ ជនសង្ស័យបានជិះម៉ូតូឌុប គេចខ្លួនបាត់។
ប្រភពបានបន្ថែមទៀតថា ស្ត្រីជនរងគ្រោះជាមួយប្ដីជាជនសង្ស័យ ទើបតែបានគ្នារយ:ពេលបីខែប៉ុណ្ណោះ ហើយក៏ជាប្ដីទី៣ និងជាប្រពន្ធទី៣ដែរ ហើយស្រីរងគ្រោះមានកូនប្រុសស្រីបីនាក់ក្នុងបន្ទុក។
សភាពស្ត្រីរងគ្រោះ ចាប់ពីទ្រូងឡើងទៅលើមុខ គេឃើញមានស្នាមជាំជាច្រើនកន្លែង ដែលគេដាក់ការសង្ស័យឃាត្តកម្មគឺជាប្ដី ព្រោះនៅកន្លែងកើតហេតុសមត្ថកិច្ច ប្រមូលបានវត្ថុតាងបំពងទីប និងកាំបិតផ្គាក់ ចំណែកប្ដីជាជនសង្ស័យ បានរត់គេចខ្លួនបាត់ក្រោយកើតហេតុ ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវឃាត់ខ្លួនមកសួរនាំ។
បញ្ជាក់ប្រភពដាច់ដោយឡែកលើកឡើងថា ជនសង្ស័យខាងលើ បានចាក់សម្លាប់គេនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង ក្នុងជម្លោះផឹកស៊ឺ រួចហើយក៏រត់គេចលាក់ខ្លួនមកនៅធ្វើចំការដាំបន្លែ នៅភូមិខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង រយ:ពេល២ឆ្នាំ ទើបមករស់នៅបានប្រពន្ធក្រោយ ជាជនរងគ្រោះ៕ វណ្ណា