ក្រុងប៉ោយប៉ែត ៖ រថយន្ដដឹកសត្វព្រៃ បើកក្នុងល្បឿនលឿន គេចពីការតាមប្រមាញ់ បស់អាវុធហត្ថ ជ្រុលចង្កូតធ្លាក់ចូលទឹកស្រះ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា រថយន្តដឹកសត្វព្រៃនេះ បានបើកគេចពីរថយន្តរបស់សមត្ថកិច្ច ដែលប្រមាញ់ពីច្រករបៀង ឃុំអូរបីជាន់ ហើយបុកបារ៉ាស់របស់សមត្ថកិច្ច ពីឃុំអូរបីជាន់ក្នុង ស្រុកអូរជ្រៅ រួចបើករត់តាមផ្លូវជាតិលេខ៥ រហូតដល់ផ្លូវជាតិលេខ៦ សំដៅទៅសៀមរាប ដល់ចំណុចខាងលើ សមត្ថកិច្ចយករថយន្តធុនធំបិទផ្លូវ ទើបរថយន្តដឹកសត្វព្រៃ បត់ស្ដាំជ្រុលចង្កូតធ្លាក់ចូលស្រះតែម្ដង។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ បាន ផារៈ ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ យ៉ាន់ យេង ភេទប្រុស អាយុ៣៩ឆ្នាំ អ្នកទាំង២រស់នៅ ខេត្តសៀមរាប។ ជនសង្ស័យទាំង២នាក់ បានបញ្ជូនទៅអាវុធហត្ថខេត្តភា្លមៗ ចំណែករថយន្តដែលធ្លាក់ចូលក្នុងស្រះ បានយករថយន្តសន្ទូចពីរគ្រឿងមកស្ទូចចេញពីក្នុងស្រះ ដោយក្នុងរថយន្តផ្ទុកទៅដោយសត្វព្រៃពេញមួយរថយន្ត រួមមាន សត្វអណ្តើក កន្ធាយ អន្សង ក្នុងនោះ មួយចំនួនត្រូវបានហែលរួចពេញស្រះ។ រថយន្តពាក់ស្លាក់លេខ ភ្នំពេញ 2Y-9941 សេរីឆ្នាំ២០០៥ ហើយក្នុងរថយន្តមានស្លាកលេខផ្សេងទៀត ដូចជា ភ្នំពេញ 2Z-9183។
ក្រោយស្ទូចឡើងមកលើសមត្ថកិច្ចបាន ប្រមូលទាំងសត្វ និងរថយន្តបញ្ជូនមករក្សាទុក នៅអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបន្ថែមថាសត្វព្រៃទាំងនោះ នាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ដឹកសំដៅទៅខេត្តសៀមរាប៕













