ខេត្តឧត្តរមានជ័យ ៖ ស្រ្តីម្នាក់បានស្លាប់យ៉ាងអាណោចអាធម នៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តយីឌុប បុកជាមួយម៉ូតូ ដែលកើតឡើងនៅវេលាម៉ោង ៧និង២០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ PR១៧១ ចន្លោះគីឡូម៉ែត្រលេខ ២៩ និង៣០ ស្ថិតនៅចំណុចភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ស្រ្តីជាជនរងគ្រោះឈ្មោះ វែន វឿត ភេទស្រី អាយុ៣៩ ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅលាយក្រហម សេរីឆ្នាំ២០១០ ពុំមានស្លាកលេខ ចំណែករថយន្តម៉ាកពុយហ្សូ ចំណុះ១២តោន ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ ៣A ១០៣០ ដែលអ្នកបើកបរ ពុំស្គាល់អត្តសញ្ញាណ ព្រោះក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
តាមការសន្និដ្ឋាន របស់នគរបាលចរាចរណ៍ស្រុកអន្លង់វែង បានអោយដឹងថា ជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះក៏បានជែងនឹងម៉ូតូមួយទៀត ដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយខណៈពេលនោះ រថយន្តម៉ាកពុយហ្សូដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក៏បុកម៉ូតូ និងគៀបជនរងគ្រោះ អូសជាច្រើនម៉ែត្រ បណ្តាលអោយស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ហើយអ្នកបើកបររថយន្តម៉ាពុយហ្សូ ក៏រត់គេចខ្លួនបាត់ម្តង។
ក្រោយពីកើតហេតុ កម្លាំងជំនាញចរាចរណ៍ស្រុកអន្លង់វែង រួមនឹងប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងតាវ បាននាំយកវត្ថុតាង មករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនិតិវិធី ចំណែកសព ជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕










