សៀមរាប ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកគូទរថយន្ត ដែលខូចចតស្ងៀម។
ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង ៤និង ២០នាទីព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ ២០១៨លើកំណាត់ផ្លូវជាតិលេខ ៦ ចំណុចភូមិស្វាយជ័យ ឃំុត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប។
អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯកមិន ចន្ថា បានអោយដឹងថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូ ឈ្មោះលី ឌឿន ប្រុស អាយុ ២៧ ឆ្នាំ នៅភូមិលេខ ២ ឃំុប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។ បច្ចុប្បន្ធស្នាក់នៅ ភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូទ្រនិគម ។
លោកបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកបរមកពីទិសខាងលិចទៅកើត ហើយដល់ចំណុចក៏បានទៅបុក រថយន្តដឹកទំនិញម៉ាក Hyundai ពីក្រោយដែលខូចចត នៅលេីផ្លូវជាតិ6 បណ្តាលឲ្យស្លាប់ភ្លាមៗ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត មិនស្គាល់ឈ្មោះ (រត់គេចខ្លួនបាត់) ។
លោកអធិការបានឲ្យដឹងថា បន្ទាប់ពីវាស់វែងនៅកន្លែងកើតហេតុ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមបរពៃណី ចំណែករថយន្តម៉ាក់ Hyundai ពណ៌សពាក់ស្លាក កំពង់ចាម 3A 1371 និងម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំការដោះស្រាយ៕ ជា ស្រស់









