កំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលត្រឡប់មកពីលេងបងប្អូននៅខេត្តតាកែវ រៀបចេញ ទៅធ្វើការងារនៅឯប្រទេសកូរ៉េ ហើយក៏ជិះម៉ូតូម្នាក់ឯងត្រឡប់មកផ្ទះវិញត្រូវបានរថយន្តធុនធំដឹកទំនិញ បើកបុកចំពីមុខ យ៉ាងពេញទំហឹងបណ្តាលអោយយុវជនខាងលើស្លាប់ភ្លាមៗ ហើយអ្នកបើកបររថយន្តបានបន្ថែមល្បឿនបើករថយន្តរត់ទៅ ចតនៅក្នុងផ្លូវលំមួយកន្លែង រួចរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ០២រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤១ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១ទៅលេខ១២ស្ថិតនៅក្នុងភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកគងពិសីបានអោយដឹងថា យុវជនរងគ្រោះ(ស្លាប់)មានឈ្មោះ ឆេង វណ្ណៈ អាយុ២៣ មុខរបរជាងដែករស់នៅក្នុងភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជិះម៉ូតូម្នាក់ឯងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1K4264។ ចំណែរថយន្តបង្កហេតុ ជាប្រភេទរថយន្តធុនធំដឹក ទំនិញ ម៉ាកហ៊ីយ៉ាន់ដាយក្បាកពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A6598 មិនស្គាល់អត្តសញ្ញាណអ្នក បើកបរឡើយ ក្រោយកើតហេតុបានចតរថយន្តទុកវោលក្នុងផ្លូវលំរត់គេចខ្លួនបាត់ស្រមោល។
តាមសម្តីនគរបាលបានបន្តថា នៅមុនពេលកើតហេតុយុវជនរងគ្រោះខាងលើត្រឡប់មកពីសួរសុខទុក្ខបងប្អូនរៀបចេញ ដំណើរទៅធ្វើការងារនៅឯប្រទេសកូរ៉េ ហើយក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីទិស ខាងត្បូងទៅទិសខាងជើង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាង ស្រាប់តែមានរថយន្តធុនធំបើកបញ្ច្រាស់ទិស បុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ពេលឃើញយុវជនស្លាប់បែបនេះ អ្នកបើកបរ បានបន្ថែមល្បឿនបើករថយន្តទៅចតទុកចោលក្នុងផ្លូវលំមួយកន្លែងរួចរត់គរចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុនគរបាលមូលដ្ឋាននិងនគរបាលជំនាញចុះធ្វើការវាស់វែង ប្រគល់សពយុវជនខាងលើអោយសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កហេតុ និងម៉ូតូរបស់យុវជនរងគ្រោះ ត្រូវបានជំនាញយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុគគងពិសី រង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕អ៊ុ ណូន







