កំពង់ស្ពឺ ៖ យុវជនចំនួន០២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលជិះម៉ូតូលឿនពេកឆ្លងផ្លូវ បណ្តាលអោយ ដួលចូលក្រោមរថយន្តធុនធំ កិនស្លាប់តែម្តង កាលពីវេលាម៉ោង០៦និង២០នាទីល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៥២ទៅលេខ៥៣ ត្រង់ចំណុចភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលជំនាញចរាចរណ៍ បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ ០១គ្រឿង ម៉ាកEXCITER ពណ៌ខ្មៅ គ្មានស្លាកលេខនោះទេ ដែលអ្នកបើកបរមានឈ្មោះ ប៊ុន សុខុម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ឌុបមនុស្សម្នាក់ទៀតពីក្រោយ មានឈ្មោះ អ៊ុន សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ទាំងពីរនាក់រស់នៅ ភូមិសំរិត ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាល បានបន្តទៀតថា ម៉ូតូខាងលើ បើកចេញពីរោងចក្រដែលនៅខាងត្បូងផ្លូវជាតិ រួចឡើងទៅជាតិលេខ៤ ទិសដៅ ពីត្បូងទៅជើង ពេលបានឃើញរថយន្ដបើកមកពីទិសខាងលិចអែបមកខាងស្ដាំដៃ ម៉ូតូនោះក៏បានជាន់ហ្វ្រាំង រួចក៏ដួល ចូលក្រោមរថយន្ដនោះម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-1772 មានសណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1262 មិនស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរឈ្មោះនោះទេ បន្ទាប់ពីកើតហេតុ អ្នកបើកបរបាន រត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីនគរបាលជំនាញធ្វើការវាស់វែង ចំពោះវត្ថុតាងទាំងរថយន្ត និងម៉ូតូ នគរបាលបានដឹកយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយនៅពេលក្រោយ និងបន្តចាត់ការតាមនីតិវិធី៕ អ៊ុ ណូន









