ខេត្តកំពង់ស្ពឺ ៖ នារីម្នាក់បានបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងនារីម្នាក់រួមដំណើរជាមួយរងរបួសធ្ងន់ធ្ងរ រីឯបុរម្នាក់ម្នាក់ទៀតក៏របួសធ្ងន់ ដោយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកគងពិសីភ្លាមៗ ដោយសារតែម៉ូតូសង់បុកគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយមានអ្នកស្លាប់ និងរងរបួសរណូករណែល កាលពីវេលាម៉ោង០៦និង១៥នាទី ព្រលប់ថ្ងៃទី២៩ ខែកញ្ញា ២០១៨ នៅលើកំណាតផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេច១៩ ទៅលេខ២០ ស្ថិតនៅក្នុងភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុក បាននិយាយអោយដឹងថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍មែន គឺរវាងម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB.4676 អ្នកបើកបមានឈ្មោះ យឿង សាមីត ភេទប្រុស អាយុ២៧ឆ្នាំ ជាកសិករ រស់នៅភូមិបឹងងោង ឃុំទឺឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានមួកសុវត្ថិភាព ដែលមុនពេលកើតហេតុ បានជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅ ពីទិសខាងត្បូង ទៅទិសខាងជើង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1J.2730 អ្នកបើកបរមានឈ្មោះ ស៊ុន ស្រីនិច ភេទស្រីអាយុ២៣ឆ្នាំ ជាកម្មារិនីរោងចក្រ រស់នៅភូមិត្រពាំងវែង ឃុំត្ររាំង ស្រុកជុំគិរី ខេត្តកំពត មានពាក់មួកសុវត្ថិភាព ដែលបានរួមដំណើរដោយនារីម្នាក់ទៀតជាមិត្តភក្តិ មានឈ្មោះ សៀក ផានី អាយុ២៣ឆ្នាំ ភេទស្រី រស់នៅភូមិទម្រាក់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានមួកសុវត្ថិភាពផងដែរ ដែលបើកបរពីជើង ទៅត្បូង បញ្រ្ចាស់ទិសគ្នា បុកចំពីមុខយ៉ាងពេញទំហឹង បណ្ដាលអោយគ្រោះថ្នាក់មនុស្ស និងខូចសម្ភារះ។ជនរងគ្រោះរួមមាន ទី០១ឈ្មោះ ស៊ុន ស្រីនិច ភេទស្រី អ្នកបើកម៉ូតូ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ទី០២មាន ឈ្មោះ សៀក ផានី ភេទស្រីអ្នករួមដំណើរជាមួយ បានរងរបួសធ្ងន់ធ្ងរ និងទី០៣មានឈ្មោះ យឿង សាមីត ភេទប្រុស អ្នកបើកម៉ូតូបានរបួសធ្ងន់ធ្ងរផងដែរ។
ក្រោយកើតហេតុនគរបាលជំនាញ ចុះទៅធ្វើការវាស់វែង។ វត្ថុតាងម៉ូតូទាំ០២គ្រឿង ត្រូវបាននគរបាលដឹកយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកគងពិសី រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពនារីរងគ្រោះនគរបាល បានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ អ៊ុ ណូន








