ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា បានបង្ហាញថាមានសត្វព្រៃជាច្រើនប្រភេទកំពុង វត្តមានរស់នៅក្នុងតំបន់ការពារដាច់ស្រយាលមួយនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងការការពារប្រព័ន្ធអេកូឡូស៊ីនេះ។
ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើង ដោយអង្គការសត្វព្រៃ និងរុក្ខជាតិ ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង បរិស្ថាន និងសហគមន៍មូលដ្ឋាន បានរកឃើញវត្តមានប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃ ជាដើម។
ការសិក្សានេះក៏បានរកឃើញ និងកត់ត្រាប្រភេទសត្វនិងរុក្ខជាតិជាច្រើនប្រភេទជាលើក ដំបូងផងដែរ នៅប្រទេសកម្ពុជា ដូចជា ឈ្លូសយក្ស ដែលជាប្រភេទជិតផុតពូជបំផុត សត្វប្រចៀវ២ប្រភេទ ជីងចក់១ប្រភេទ ផ្លែន ១ប្រភេទ តុកកែ១ប្រភេទ ផ្សិត១ប្រភេទ និងរុក្ខជាតិ៣ ប្រភេទ។
លើសពីនេះ ការសិក្សានេះក៏បានកត់ត្រាកង្កែប៣ ប្រភេទ ដែលបានរកឃើញនៅប្រទេសកម្ពុជាតែមួយដងគត់ ក្នុងឧទ្យាន ជាតិវីរៈជ័យនេះ ក្នុងនោះមាន២ប្រភេទ ដែលមិនធ្លាប់ឃើញក្នុងលក្ខណៈពេញវ័យនោះទេ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សង្កត់ ធ្ងន់ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវ ជីវៈចម្រុះនៅឧទ្យានជាតិវីរជ័យបានបង្ហាញពីភាពសម្បូរបែប និងសារៈសំខាន់នៃតំបន់ការពារនេះ និងក្រើនរំលឹកយើងទាំងអស់ គ្នាអំពីភាពចាំបាច់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីដែលគ្មានអ្វីមកជំនួសបាន ក្នុងតំបន់ការពារធម្មជាតិនេះ។
ដោយសារមានការយកចិត្តទុកដាក់ និងការសហការគ្នាយ៉ាងល្អពីឧទ្យានុរក្សក្រសួងបរិស្ថានយើង មន្ត្រីជំនាញពីអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍ មូលដ្ឋាន ឥឡូវនេះយើងមានទិន្នន័យដ៏ទូលំទូលាយអំពីប្រភេទសត្វព្រៃដែលមានវត្តមាននៅក្នុងឧទ្យានជាតិនេះ។
ការរកឃើញ ទាំងនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការគាំទ្រដល់ការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៃតំបន់ ការពារធម្មជាតិ។
លោក Pablo Sinovas នាយកនៃអង្គការសត្វព្រៃនិងរុក្ខជាតិ នៅកម្ពុជា មានប្រសាសន៍ថា “ឧទ្យានជាតិវីរៈជ័យ គឺជាតំបន់ ពិសេសដែលសំបូរទៅដោយជីវៈចម្រុះ និងជាជម្រកសម្រាប់សត្វកម្រ និងប្រភេទដែលមានវត្តមានតែនៅនឹងតំបន់ហ្នឹងជាច្រើនប្រភេទ ដែលប្រភេទមួយចំនួនមិនត្រូវបានរកឃើញនៅតំបន់ផ្សេងនៅកម្ពុជា និងពិភពលោកឡើយ។ ប៉ុន្តែឧទ្យានជាតិនេះកំពុង ប្រឈមនឹងការគំរាមកំហែងមួយចំនួន៖ ការកាប់បំផ្លាញព្រៃឈើ ការរេចរឹលព្រៃឈើ ការខូចខាតនូវទីជម្រក និងការដាក់អន្ទាក់។ បញ្ហាប្រឈមទាំងនេះមិនត្រឹមតែប៉ះពាល់ដល់សត្វព្រៃនៃឧទ្យានជាតិប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជា ជនដែលរស់នៅក្នុង និងជុំវិញតំបន់នេះផងដែរ ដែលភាគច្រើនពឹងផ្អែកខ្លាំងលើធនធានព្រៃឈើ។
សូមជម្រាបថា ឧទ្យានជាតិវីរៈជ័យ គឺជាតំបន់ដ៏សំខាន់មែនទែនក្នុងតម្លៃសម្រាប់ធម្មជាតិ មនុស្ស និងអាកាសធាតុ។ ឧទ្យានជាតិវីរៈជ័យ ជាតំបន់ដែលសំបូរទៅដោយធនធានជីវៈចម្រុះ ឧទ្យាន ជាតិវីរៈជ័យ គឺជាជម្រកដ៏ពិសិដ្ឋមួយសម្រាប់ជីវៈ ចម្រុះជាច្រើនប្រភេទ ដែលមានទំហំប្រមាណ ១១០,០០០ ហិចតាជាប់នឹងប្រទេសឡាវ វៀតណាម និងភាគឦសាននៃប្រទេស កម្ពុជា និងជាទីជម្រកចំពោះប្រភេទ សត្វព្រៃមួយចំនួន ដែលមិនមានវត្តមាននៅតំបន់ណាផ្សេងឡើយ ក្នុងពិភពលោកនេះ និងជា ពិសេសនៅមានប្រភេទ សត្វជាច្រើន ដែលមិនទាន់រកឃើញនៅឡើយ៕






