ប៉ោយប៉ែត ៖ គួរឲ្យរន្ធត់ ជំនួយការភូមិយាងថ្មី ម្នាក់បានស្លាប់ ចំណែកអនុភូមិរងរបួសធ្ងន់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ២និង៣៥នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះបង្គោល លេខ៣៨៣ ៣៨៤ មុខវត្តរតនៈនិមិត្ត ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះទី១ឈ្មោះមាស មុំ ភេទស្រីអាយុ៦៤ រស់នៅភូមិយាងថ្មីឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ជាជំនួុយការ ភូមិយាងថ្មី (ស្លាប់) និងជនរងគ្រោះទី២ឈ្មោះ គឹម សុភា ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ជាអនុភូមិយាងថ្មី (របស់ធ្ងន់)។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ដុង ឈាងលី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចសណ្ដាប់ធ្នាប់ស្រុកអូរជ្រៅបញ្ជាក់ថា មុនកើតហេតុ គេឃើញអ្នកបើកបរឈ្មោះ ដុង ឈាងលី បានបើករថយន្ត កាំរីឆ្លាមពណ៏ត្រាវ ពាក់ស្លាកលេខភ្នំពេញ 2k.9706ក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើត ទៅលិចស្របទិសជាមួយម៉ូតូរងគ្រោះ លុះមកដល់ចំណុចកើតហេតុ ហ្វ្រាំមិនទាន់បានបុកម៉ូតូជនរងគ្រោះ ដែលជិះដឹកគ្នា ពីរអ្នកប្ដីប្រពន្ធបំរ៉ុងឆ្លងផ្លូវចូលផ្ទះទៅទិសខាងត្បូង ធ្វើឲ្យប្រពន្ធស្លាប់នៅកន្លែង និងប្តីរងរបួសធ្ងន់ ត្រូវបានដឹកយកទៅ សង្គ្រោះនៅមណ្ឌលសុខភាពកូប។ ចំណែកអ្នកបើកបរត្រូវកម្លាំងជំនាញស្រុក បានបញ្ជូនទៅស្នងការដ្ឋានខេត្ត ដើម្បីសួុរនាំ។ ចំពោះម៉ូតូ និងរថយន្តខូចចាតត្រូវកម្លាំងជំនាញ បានដឹកមករក្សាទុកអធិការស្រុកអូរជ្រៅ។ វណ្ណា









