សាស្ត្រាចារ្យ ហ្វ្រង់ស័រ បារេ ស៊ីនុសស៊ី ជ័យលាភីរង្វាន់ណូបែលវេជ្ជសាស្រ្ត ដែលបានស្រាវជ្រាវរួមគ្នាជាមួយលោកសាស្ត្រាចារ្យ លុក ម៉ុងតាញេ រកឃើញមេរោគជំងឺអេដស៍ដំបូងគេ សម្រាប់ពិភពលោក ក្នុងឆ្នាំ១៩៨៣ បានកោតសរសើរសមិទ្ធិផលដែលកម្ពុជាសម្រេចបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របស់កម្ពុជា។
ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបប្រតិភូនៃភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ដឹកនាំដោយលោកសាស្ត្រាចារ្យ យ៉ាដាន់ ប៉ាណាហ៍ នាយកភ្នាក់ងារ និងលោកស្រីសាស្ត្រាចារ្យ ហ្វ្រង់ស័រ បារេ ស៊ីនុសស៊ី។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បញ្ជាក់ថា ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ANRS MIE បានជួយជ្រោមជ្រែង គាំទ្រកម្ពុជាទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពថវិកាលើការងារសិក្សាស្រាវជ្រាវ ជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀត។
លោកសាស្រ្តាចារ្យ Yazdan Yazdanpanah បានគោរពជម្រាបជូនអំពីទិសដៅបេសកកម្មរបស់ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំងនៅកម្ពុជា តាមរយៈការបន្ថែមលើការងារស្រាវជ្រាវលើជំងឺអេដស៍ រលាកថ្លើម របេង ពង្រីកកិច្ចសហការលើការងារស្រាវជ្រាវ ជំងឺបណ្តាលមកពី Arbo viruses ដូចជាជំងឺគ្រុន ឈាម និងជំងឺឆ្លងផ្សេងៗទៀត។ ពង្រឹង និងពង្រីកដៃគូក្នុងតំបន់ដោយពង្រីកបន្ថែមទៅប្រទេស ឡាវ និងថៃ បន្ថែមលើដៃគូរបច្ចុប្បន្ន ដែលមានតែនៅកម្ពុជា និងវៀតណាម និងជំរុញការងារបណ្តុះបណ្តាល អ្នកស្រាវជ្រាវវ័យក្មេងបន្តវេន។
លោកស្រីសាស្រ្តាចារ្យ Françoise Barré-Sinoussi ជាជ័យលាភីទទួលបានរង្វាន់ណូបែល ខាងវេជ្ជសាស្រ្ត កាលពីឆ្នាំ២០០៨ សំដែងនូវការកោតសរសើរ នូវសមិទ្ធិផលដែលកម្ពុជាសម្រេចបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងថ្មីៗនេះទៀត ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ រហូតដល់មានការទទួលស្គាល់កម្រិតពិភពលោក ជាពិសេសការបានទទួលស្គាល់ពី អង្គការសុខភាពពិភពលោកថែមទៀតផង។
ជាការឆ្លើយតប ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់នូវជំហរគាំទ្រនូវបេសកកម្មរបស់ ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំងនៅកម្ពុជា និងសូមឱ្យ ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ANRS MIE បន្តកិច្ចសហប្រតិបត្តិការ លើការងារស្រាវជ្រាវនេះបន្តទៀតជាពិ សេសជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែក និងកាមរោគ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងមន្ទីរពេទ្យជាតិនានា ដើម្បីជួយលើកកំពស់សមត្ថភាព ការងារស្រាវជ្រាវគ្លីនិកសម្រាប់អ្នកស្រាវជ្រាវវ័យក្មេងនៅកម្ពុជា និងយកលទ្ធផលវិទ្យាសាស្រ្តទាំងនោះមកបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕
អ៊ួង សុភារុន






