
ខេត្ដរតនគិរី ៖ជនសង្ស័យម្នាក់ត្រូវការរិល័យនរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០១៨នេះ បន្ទាប់ពីសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវឃើញថា ជនសង្ស័យរូបនេះពាក់ព័ន្ធ ករណីសម្លាប់មនុស្សច្រកការរុងទំលាក់ក្នុងអណ្ដូង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។
ជនសង្ស័យដែលសមត្ថកិច្ចបញ្ជូនខ្លួននោះ មានឈ្មោះ គ្រៀល កាទួត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិគ្រឹង មានលំនៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី មុខរបរធ្វើចំការ។ ជនសង្ស័យរូបនេះ បានសម្លាប់ឈ្មោះ ស៊ូ សៀក ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
លោកឧត្ដមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ របស់ប្រពន្ធជនរង្គ្រោះឈ្មោះ ភ្នៅ សុកាន់ ថាប្ដីគាត់បានបាត់ខ្លួន តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ រួចកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការចង្អុលបង្ហាញពីលោកស្នងនគរបាលខេត្តផង ហើយក៍មានការរាយការណ៍ពីប្រជាពលរដ្ឋផងដែរ ទើបកម្លាំងសមត្តកិច្ចរបស់លោក រកឃើញសាកសព
ជនរង្គ្រោះក្នុងអណ្ដូង កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ។ លោកបានបន្តទៀតថា បន្ទាប់ពីទទួលបានតម្រុយភ្លាម លោកក៏បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ ជំនាញការិយាល័យច្ចេកទេស សហការជាមួយអធិការនគរបាលស្រុកកូនមុំ ក្រោមការសម្របសម្រួលពីលោក រ៉ា បូរ៉ានឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញម៉ូតូកែច្នៃ១គ្រឿង ទំលាក់ចូលក្នុងអណ្ដូង ដោយមានការសង្ស័យ ក៍បានជួលគេចុះរាវក្នុងអណ្ដូង ក៏ប្រទះឃើញសពជនរងគ្រោះច្រកក្នុងការុង ដោយករណីនេះមានរយៈពេលជិត៤ខែមកហើយ ដូច្នេះសពមានភាពស្អុយរលួយ នៅសល់តែគ្រោងឆ្អឹង និងសម្លៀកបំពាក់ដែលក្រុមគ្រួសារជនរង្គ្រោះស្គាល់តែប៉ុណ្ណោះ។ ហើយ កម្លាំងជំនាញបានប្រើវិធានការ ធ្វើការស្រាវជ្រាវបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១:០០នាទី នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី តែម្ដង។
គួរបញ្ជាក់ថា បើតាមចម្លើយសារភាព ជនសង្ស័យបានធ្វើសកម្មភាពកាប់ជនរងគ្រោះនឹងកាំបិត ចំកញ្ចឹងកពីក្រោយ ហើយច្រកចូលក្នុងការរុងយកមកទំលាក់ក្នុងអណ្ដូង ទាំងសព និងម៉ូតូ កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ដោយមូលហេតុខឹងជនរង្គ្រោះជំពាក់លុយមិនសង។ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចរកឃើញសាកសព បើគិតពីថ្ងៃកើតហេតុ ដល់ថ្ងៃរកឃើញសព គឺមានរយៈពេល៣ខែ ១៥ថ្ងៃ។
សមត្ថកិច្ចបានស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ទើបចាប់បានជនសង្ស័យ បើគិតចាប់ពីថ្ងៃរកឃើញសាកសព ដល់ថ្ងៃចាប់បានជនសង្ស័យ មានរយៈពេល៦ខែ ១២ថ្ងៃ។ ហើយនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាប់ពីសាកសួរចម្លើយជនសង្ស័យរួចហើយនោះ៕ កេត សុធី