ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តស្វាយរៀង ឃាត់ខ្លួនកាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។
ឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងខេត្តស្វាយរៀង បានឲ្យដឹងថាកាលពីវេលាម៉ោង១០ និង២០នាទី ក្នុងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំយ៉ោង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅភូមិឫស្សីលៀប ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ មានមនុស្សស្លាប់ម្នាក់ ឈ្មោះ ចាប ប៉ាក ស្រី អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ។ លោកស្នងការរងបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យជំនាញខេត្ តសហការជាមួយកម្លាំងជំនាញស្រុក និងលោកគ្រូពេទ្យ បានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យសាកសព ឃើញថាមានស្លាកស្នាមអាកនឹងកាំបិត ព្រមទាំងរកឃើញសម្ភារៈរបស់ជនរងគ្រោះមួយចំនួន គឺលុយចំនួន២៣៤,០០០រៀល, លុយដុល្លារ$៦៥, លុយដុង១លាន៤សែនដុង និងទូរស័ព្ទ០១គ្រឿង។ ក្រោយពីការពិនិត្យ សមត្ថកិច្ចជំនាញ និងគ្រូពេទ្យសន្និដ្ឋានថា សាកសពនេះស្លាប់ដោយអំពើឃាតកម្ម។
ឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងខេត្តស្វាយរៀង បន្ថែមថា លទ្ធផលនៃការស្រាវជ្រាវរហូតមកដល់ម៉ោង១៦ និង៣០នាទី ក្នុងថ្ងៃដដែល សមត្ថកិច្ចបាននាំខ្លួនឈ្មោះ ទួច នួច ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឫស្សីលៀប ឃុំសំយ៉ោង ដែលជាមុខសញ្ញាមានការសង្ស័យ យកមកសាកសួរនៅការិយាល័យជំនាញខេត្ត។
ឆ្លងកាត់តាមការសាកសួរអស់រយៈពេលមួយម៉ោងក្រោយមក ជនសង្ស័យឈ្មោះ ទូច នួច បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដោយយកកាំបិត អាកសម្លាប់ជនរងគ្រោះឈ្មោះ ចាប ប៉ាក ប្រាកដមែន តែខ្លួនពុំបានយកសម្ភារៈ ឬទ្រព្យសម្បត្តិអ្វីទេ ព្រោះយប់ងងឹតពេក។ រីឯកាំបិតដែលធ្វើសកម្មភាពនោះ ខ្លួនយកទៅបោះចោលនៅក្នុងទឹកស្រះក្រោយផ្ទះរបស់ខ្លួន។
ជនល្មើសបានឲ្យដឹងថា មូលហេតុដែលនាំអោយសម្លាប់ស្ត្រីខាងលើ គឺដោយសារខ្លួនខឹងនឹងឈ្មោះ ចាប ប៉ាក ជេរដៀលខ្លួនកន្លងមក។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ ព្រហ្ម សាវ៉េត






