ខេត្ដព្រៃវែង ៖ បុរសម្នាក់ដើរកាត់ចំណុចផ្លូវដែលទឹកហូរច្រុះដាច់ និងមានជម្រៅជ្រៅ ផុតដៃផុតជើង បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ៌ម បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង 10និង30នាទីព្រឹក ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 ស្ថិតក្នុងភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហៃ តារា ភេទប្រុស អាយុ25ឆ្នាំ មានទីលំនៅភូមិពោធិ៍រៀងជើង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង។
បើតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងបក្ខពួកម្នាក់ទៀត បាននាំគ្នាដើរកាត់ត្រង់ចំណុចផ្លូវលំ ដែលទឹកជំនន់ហូរច្រុះដាច់ ប្រវែងប្រហែល300ម៉ែត្រ គោលបំណងទៅលើកស្រូវពូជដាក់លើទូក ស្រាប់តែដើរដល់ពាក់កណ្តាល ត្រង់ទឹកជ្រៅ ក៏បានបណ្តាលឲ្យជនរងគ្រោះ ផុតដៃផុតជើង លង់ទឹកលិចបាត់។ រីឯបក្ខពួកម្នាក់ទៀត ហែលទឹករួចដល់ច្រាំង ស្រែកហៅគេឯងឲ្យមកជួយជនរងគ្រោះ។ ភ្លាមនោះអ្នកភូមិក៏នាំគ្នាចុះទឹកជួយ មុជរាវរកឃើញជនរងគ្រោះ លើកដាក់លើទូកធ្វើចលនា តែជាអកុសលជនរងគ្រោះបានឈ្លក់ទឹក ដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចនគរបាលជំនាញ ក៍បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ បច្ចុប្បន្នសពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សឹម សាន់






