ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ បន្ទាប់ពីយកម៉ូទ័រកាត់ ទៅកាត់ដែក ហើយបានដោះមិនប្រយ័ត្ន ត្រូវឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់យ៉ាងអាណោចអាធម្ម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិស្រែក្រៅ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។
តាមប្រភពព័ត៌មានពីលោក ដួង ហុង អធិការនគរបាលស្រុកសាមគ្គីមានជ័យ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សាក់ ថាន អាយុ៣៩ឆ្នាំ មានទីលំនៅភូមិឃុំកន្លែងកើតហេតុខាងលើ។ លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានយកម៉ូទ័រ ទៅដោតភ្លើងអគ្គីសនីដើម្បីកាត់ដែក លុះពេលកំពុងប្រើ ម៉ូទ័រក៏មានបញ្ហា ភ្លាមនោះបុរសរងគ្រោះបានទៅដោះម៉ូទ័រ ដើម្បីជួសជុលដោយមិនដកឌុយចេញពីព្រីភ្លើងនោះទេ រំពេជនោះត្រូវចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់នៅនឹងកន្លែងតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ ឃើញថាជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ដោយសារដោះម៉ូទ័រមិនប្រយ័ត្ន ត្រូវចរន្តអគ្គិសនីឆក់តែម្តង ហើយសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ពៅ សុខហ៊ាន






