(ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១)៖ តុលាការខេត្តកំពង់ស្ពឺ សម្រេចឃុំអ្នកបើកបររថយន្តចំនួន២នាក់ដែលដឹកជនបរទេសជនជាតិ ឥណ្ឌូនេស៊ី ចំនួន១៦នាក់ដែលបំពាន បម្រាមគោចររបស់រាជរដ្ឋាភិបាល បម្រុងធ្វើដំណើរឆ្លងកាត់ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២១ម្សិលមិញ។ ដែលមិនគោរពវិធានការរដ្ឋបាលឆ្លងកាត់តំបន់បិទខ្ទប់ដែលបានចុះពិនិត្យនិងរៀបចំអនុវត្តច្បាប់ ស្តីពីការទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាល ព្រមទាំងកងកម្លាំងទាំង៣។
សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបររថយន្តទាំងពីរនាក់មានឈ្មោះ ម៉ី ឡៃ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ី មានទីលំនៅភូមិតាំងស្រី ឃុំមេព្រីងស្រុកបាធាយ ខេត្តកំពង់ចាម និងម្នាក់ទៀត ឈ្មោះនឿន ណារ័ត្នភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រៃផ្អុង ឃុំស្វាយឃៀ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
បានដឹកជនបរទេសជនជាតិឥណ្ឌូនេស៊ីចំនួន១៦នាក់ចេញពីតំបន់ បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទល្មើសការអនុវត្តវិធានការ ការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
ចំណែកជនបរទេសប្រុស .ស្រី ចំនួន១៦នាក់ វិញសមត្ថកិច្ចបានបញ្ជូនខ្លួនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី។
សូមរំលឹកផងដែរថាកាលពីយប់ថៃ្ងទី២០ ខែមេសា ឆ្នាំ២០២១កន្លងទៅ អ្នកបើកតាក់ស៊ីពីរនាក់បានដឹកភ្ញៀវជាជនបរទេសចំនួន១៦នាក់ចេញពីតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ)និងបានឆ្លងកាត់ស្រុកឧដុង្គព្រមទាំងនាំគ្នាចូលទៅសម្រាកផ្ទះសំណាក់ យីហោ( ហេង មានលាភ) ស្ថិតក្នុងភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំនូវគោលដៅឃាត់បាននិងបញ្ជូនមកកាន់ស្នងការខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)






