ខេត្តតាកែវ ៖ តូបលក់ឥវ៉ាន់ចាប់ហ៊ួយ ចំនួន១២០តូប ក្នុងផ្សារព្រៃល្វា ស្រុកព្រៃកបាស ត្រូវបានអគ្គីភ័យឆាបឆេះ កាលពីយប់មិញ គិតជាទឹកប្រាក់ ប្រមាណជាង២៩ម៉ឺនដុល្លាអាមេរិច។
ផ្សារព្រៃល្វាដែលស្ថិតនៅក្នុងភូមិព្រៃល្វាខាងកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស់ បានទទួលរងនូវអគ្គីភ័យឆាបឆេះ កាលពីយប់រំលងអាធ្រាត ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយបង្កការខូចខាតដល់តូបលក់ឥវ៉ាន់ចាប់ហ៊ួយ ចំនួន១២០តូប ដែលស្មើនឹង៥% នៃចំនួនតូបផ្សារទាំងអស់ ហើយក្នុងចំណោមតូបដែលឆេះ គឺខូចខាតប្រហែល៩០% ហើយបើគិតជាទំហំទឹកប្រាក់ គឺមានចំនួនប្រមាណ២៩ម៉ឺនដុល្លាសហរដ្ឋអាមេរិក។

អាជ្ញាធមានសមត្ថកិច្ចបានអះអាងថា មូលហេតុនៃការឆាបឆេះជាអគ្កីភ័យនេះ តាមការសន្និដ្ឋានជំហ៊ានដំបូង គឺបណ្ដាលមកពីទូស្សេខ្សែភ្លើង ហើយនៅក្នុងប្រតិបត្តិការចុះអន្តរាគមន៍ជួយពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៥រថយន្ត ទើបពន្លត់បានជាស្ថាពរ។
ជាមួយគ្នានេះដែរ អភិបាលនៃគណអភិបាលខេត្តតាកែវ ឯកឧត្តម អ៑ូច ភាបានមានប្រសាសន៍ថា ហេតុការណ៍អគ្គីភ័យឆាបឆេះតូបនៅក្នុងការផ្សារព្រៃល្វាអស់មួយចំនួននោះ អាជ្ញាធពិតមានការសោកស្ដាយយ៉ាងខ្លាំង ហើយអាជ្ញាធរនឹងខិតខំធ្វើយ៉ាងណា ឲ្យបងប្អូនអាជីវករ អាចលក់ដូរជាធម្មតាវិញ ក្នុងពេលឆាប់ខាងមុខនេះ។

ឯកឧត្តម បានណែនាំទៅដល់បងប្អូនអាជីវករ សូមមេត្តាយោគយល់ និងកុំសាងសង់តូប ឬតសំយ៉ាប់មកមុខពេក ដែលនាំឲ្យផ្លូវចូលតូចចង្អៀត ពិបាកក្នុងការចូលជួយ ជាពិសេសពេលមានបញ្ហាអគ្គីភ័យកើតមានឡើង វានឹងបង្កលំបាកដល់ប្រតិបត្តិការណ៍របស់កម្លាំងមានសមត្ថកិច្ច និងពិបាកដល់រថយន្តពន្លត់អគ្គីភ័យ ចូលមកបាញ់ទឹកពន្លត់ ដូច្នោះសូមបងប្អូនអាជីវករ ត្រូវយល់ដឹងឲ្យបានច្បាស់ពីបញ្ហាតសំយ៉ាបនេះ ម្យ៉ាងទៀត សូមឲ្យលោកប្រធានផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារ និងក្រៅផ្សារឲ្យមានរបៀបរៀបរយ និងធ្វើយ៉ាងណាឲ្យផ្លូវចូលក្នុងផ្សារមានភាពទូលាយ ងាយស្រួលធ្វើដំណើរទៅមក ពិសេសពេលមានបញ្ហា៕ សូត្រ សុផុន












