តំណាងអចិន្ត្រៃយ៏ជប៉ុនប្រចាំអាស៊ាន ប្តេជ្ញាធ្វើការជិត ស្និទ្ធ ជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីធ្វើឱ្យទំនាក់ ទំនងរវាងអាស៊ាន និងជប៉ុន កាន់តែមានអត្ថន័យ និងទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត។
នៅក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គ លេខាធិការអាស៊ាន នារសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ឯកឧត្តម គីយ៉ា ម៉ាសាហ៊ីកូ តំណាងអចិន្ត្រៃយ៏ជប៉ុនប្រចាំអាស៊ាន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ របស់ជប៉ុន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដែលជាប្រទេសសម្របសម្រួលនៃទំនាក់ ទំនងដៃគូសន្ទនាអាស៊ាន- ជប៉ុន និងលេខាធិការដ្ឋានអាស៊ាន ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន កាន់តែមានអត្ថន័យ និងទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូស បញ្ជាក់អំពីសារៈសំខាន់នៃភាពជាដៃគូរវាងអាស៊ាន និងជប៉ុន ដែលមានលក្ខណៈរស់រវើក ដែលបានចូលរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍ និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាឆ្នាំសំខាន់នៃទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន ព្រោះជាខួបលើកទី ៥០ ឆ្នាំ។ ដូច្នេះ លេខាធិការដ្ឋានអាស៊ាន ផ្តល់ការគាំទ្រយ៉ាងពេញទំហឹង នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយជប៉ុន និងប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីធ្វើឱ្យកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដែលគ្រោងធ្វើនៅខែធ្នូ ឆ្នាំ ២០២៣ ខាងមុខ នៅប្រទេសជប៉ុន ទទួលបានជោគជ័យ៕






