ភ្នំពេញ ៖ កម្ពុជា បានរកឃើញករណីកូវីដ-១៩ ថ្មី ចំនួន ៤នាក់បន្ថែមទៀត លើកម្លាំងមួកខៀវកម្ពុជា ដែលទើបត្រឡប់មកពីប្រទេស ម៉ាលី។
ក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី២៤ ខែកក្កដា នេះថា បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤នាក់ (ស្ត្រី១នាក់) រួមមាន ៖ បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ។ បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ចង្អើរ ខេត្តកែប និងស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ។
ក្រសួង បញ្ជាក់ថា លទ្ធផលវិភាគវត្ថុសំណាកលើកទីពីររបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺជាបុរសទាំង០៣នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ និងអ្នកជំងឺជាស្ត្រី០១នាក់ ត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២០២នាក់ (ស្ត្រី៤៤នាក់ និងបុរស១៥៨នាក់) ក្នុងចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៤២នាក់ (ស្រី៣៩នាក់ និងបុរស១០៣នាក់) ខណៈអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៥៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ជាស្ត្រីជនជាតិ អាមេរិកកាំង០២នាក់៕
សំអាង






