ខេត្តកំពង់ស្ពឺ ៖ បុរសចិត្តស្លុយម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ឃុំសំរោងទង ធ្វើការឃាត់ខ្លួនបន្ទាប់ពីបុរសខាងលើ ទប់កំហឹងមិនបាន ស្ទុះទៅទាញចបកាប់វាយទៅលើនារីម្នាក់ បណ្តាលអោយបែកក្បាលហូរឈាមជោគខ្លួន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិអង្គទម្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលប៉ុស្តិ៍ឃុំ បាននិយាយអោយដឹងថា ករណីដែលឈានដល់ការឃាត់ខ្លួនបុរសខាងលើនេះ គឺដោយសារតែបុរសខាងលើ ទាស់ពាក្យសម្តីជាមួយនារីរងគ្រោះតិចតួចប៉ុណ្ណោះ ប៉ុន្តែនារីរងគ្រោះអត់ទ្រាំមិនបាន ក៏បានជេរប្រមាថនូវពាក្យអសុរសមួយចំនួន ធ្វើអោយបុរសចិត្តស្លុយខាងលើទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញយកចបកាប់វាយសំពងក្បាលនារីរងគ្រោះខាងលើធ្ងន់ធ្ងរ។ ក្រោយកើតហេតុសាច់ញាតិនារីរងគ្រោះ ក៏បានរាយការណ៍ ទើបកំលាំងនគរបាលប៉ុស្តិឃុំសំរោងទង បានចុះទៅឃាត់ឈ្មោះ ម៉ូវ ឈុនលឹម ហៅ ជ្រឹង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដោយ ពាក់ព័ន្ធជាមួយករណីហឹង្សាដោយចេតនា ដោយបានយកចបកាប់វាយទៅលេីឈ្មោះ គឹម ស្រីណេត ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅក្បែរផ្ទះគ្នា ក្នុងភូមិជាមួយគ្នា បណ្តាលអោយចំក្បាលរងរបួសធ្ងន់ នៅចំណុចផ្ទះជនរងគ្រោះតែម្តង។ ចំពោះជនរងគ្រោះខាងលើ ក្រុមគ្រួសារបានយកទៅព្យាបាល នៅមន្ទីរពេទ្យឯកជនភូមិទន្លេកន្ទិល ដើម្បីព្យាបាល។
ក្រោយឃាត់ខ្លួន នគរបាលជំនាញបានធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកចបកាប់ វាយទៅលើជនរងគ្រោះខាងលើពិតប្រាកដមែន ដោយសារតែខឹងនាងជេរប្រមាថខ្លាំងពេក។ បើទោះបីជាបុរសខាងលើឆ្លើយដោះស្រាយយ៉ាងណាក៏ដោយ ករណីនេះជំនាញកំពុងកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕ អ៊ុ ណូន






