ខេត្ដព្រៃវែង ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាល ធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីរូបគេបានទាស់ពាក្យសម្តីគ្នា កន្លែងផឹកសុី រួចបានយកកូនកាំបិតចុងស្រួច ទៅចាក់គូរទំនាស់ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង ១៥និង៥០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះឈ្មោះ ខាត់ សួង ស្ថិតក្នុងភូមិត្រពាំងឈួក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផៃ ឆាយ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ។ រីឯជនរងគ្រោះដែលស្លាប់ ឈ្មោះ ទូច ពេជ្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា។
តាមរបាយការណ៍របស់សមត្ថកិច្ច ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង៣នាក់ មកអង្គុយផឹកស្រាជាមួយគ្នា នៅផ្ទះលក់ស៊ុបឈ្មោះ ខាត់ សួង។ មួយសន្ទុះធំ ស្រាប់តែទាស់ពាក្យសម្តី ប្រតាយប្រតប់គ្នា តែត្រូវម្ចាស់ផ្ទះឃាត់បំបែកគ្នាទៅ។ ក្រោយមកឈ្មោះ ស៊ុ រតន ភេទស្រី អាយុ៤៤ឆ្នាំ (ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ) បានជិះម៉ូតូមកឌុបប្អូនយកទៅផ្ទះ។ ស្រាប់តែជិះម៉ូតូបានបន្តិច ត្រង់ចំណុចផ្លូវបត់ ក៍ត្រូវសង្ស័យស្ទុះមកចាប់ទាញជនរងគ្រោះទម្លាក់ពីលើម៉ូតូ ហើយយកកូនកាំបិតចុងស្រួច ចាក់ត្រូវចំលើដើមទ្រូងផ្នែកខាងឆ្វេង១កន្លែង បណ្តាលឲ្យជនរងគ្រោះ ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗមួយរំពេច។
ក្រោយទទួលបានព័ត៌មានពីពលរដ្ធ កម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានភ្លាម បញ្ជូនមកកាន់អធិការដ្ធាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកសពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់












