ខេត្តកំពង់ស្ពឺ ៖ យុវជនឈាមរាវម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិឃុំតាំងសំរោង ធ្វើការឃាត់ខ្លួន តាមបណ្តឹងរបស់ស្ត្រីម្នាក់រងគ្រោះ ខណៈដែលយុវជនខាងលើ ខឹងប្តីស្ត្រីរងគ្រោះស្តីបន្ទោស ទប់កំហឹងមិនបានពេលប្តីមិននៅ ទៅស្រាយកំហឹងវាយប្រពន្ធកាត់សាញ ត្រូវនគរបាលក្របួចជាប់ កាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់លោក សៅ វ៉ានដា នាយប៉ុស្តិ៍នគរបាលឃុំតាំងសំរោង បាននិយាយអោយដឹងថា យុវជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ កន សុខនីម ភេទប្រុស អាយុ១៩ឆ្នាំ ជាកសិកររស់នៅភូមិស្ដុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានដើរចូលមកក្នុងផ្ទះបាយរបស់ឈ្មោះ ជិន ស្រីម៉ៅ ភេទស្រីអាយុ២៣ឆ្នាំ ជាកសិករដូចគ្នា ផ្ទះក្បែរគ្នាមានទីលំនៅក្នុងភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខណៈដែលឈ្មោះ ជិន ស្រី ម៉ៅ កំពុងតែស្ថិតនៅក្នុងផ្ទះបាយតែម្នាក់ឯង ហើយជនសង្ស័យបានដាល់ និងវាយ ច្របាច់កថែមទៀតផង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ រីឯឈ្មោះ កន សុខនីម បានរត់គេចខ្លួនបាត់ក្រោយធ្វើសកម្មភាព។
លោកនាយប៉ុស្តិបានបន្តទៀតថា ចំពោះជនរងគ្រោះ ក្រោយពេលកើតហេតុ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែកស្រុកភ្នំស្រួចភ្លាមៗ។ លោកនាយប៉ុស្តិបានបន្តទៀតថា សាច់ញាតិបានដាក់ពាក្យបណ្តឹងផងដែរ។ លុះរហូតមកដល់ម៉ោង០៨ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ទើបកម្លាំងយើងធ្វើឃាត់ខ្លួនបាន និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
តាមប្រភពបានបញ្ជាក់ឲ្យដឹងថា ករណីនេះគឺបណ្ដាលមកពីយុវជនដៃដល់ មានគំនុំ ខឹងប្ដីជនរងគ្រោះ ហើយលួចវ៉ៃប្រពន្ធវិញ ជាការសងសឹក ហើយបច្ចុប្បន្នយុវជនខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនបន្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕ អ៊ុ ណូន








