ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាក្រុមចោរដើរធ្វើសកម្មភាពគាស់ផ្ទះ បំពុលឆ្កែ លួចប្លន់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ នៅពេលយប់-ថៃ្ង ក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ ឃាត់បានចំនួន០២នាក់ ដែលក្នុងចំណោមបួននាក់ (រត់រួចពីរនាក់) ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងផ្នែកសន្តិសុខ ធ្វើការស្រាវជ្រាវពួនស្ទាក់បង្រ្កាបបាន នៅតាមផ្លូវលេខ១៤៣ ត្រង់ចំណុចភូមិអន្លង់ស្នោរ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាវេលាម៉ោង០២ និង១៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ដោយសារបទល្មើសគាស់ផ្ទះ បំពុលសត្វឆ្កែ យកម៉ូតូ កើតជាបន្ដបន្ទាប់។
កំលាំងនគរបាលស្រុក បានបែងចែកគោលដៅចុះធ្វើការល្បាត ក្នុងភូមិសាស្រ្ដរៀងរាល់យប់ ជាក់ស្តែងក៏បានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន៤នាក់ មានការសង្ស័យជាមុខសញ្ញាដាក់ថ្នាំបំពុលឆ្កែ គាស់ផ្ទះ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកន្លងមកនោះ។ នគរបាលនិយាយថា ក្រុមប្រតិបត្តិការក៏បានឃាត់សាកសួរ តែជនសង្ស័យចំនួន០២បានដឹងខ្លួន ក៏រត់គេចបាត់ ទើបឃាត់ខ្លួនបានតែចំនួន២នាក់ ក្នុងចំណោមជនសង្ស័យទាំង០៤នាក់។ ដែលទី០១ មានឈ្មោះ ដាំ សារិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែ និងជាប្រជាការពារភូមិ មានទីលំនៅភូមិអាយៀន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួនបាន) និងទី០២ មានឈ្មោះ ផាត រតនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិត ប្រាកដទីលំនៅភូមិឈើលំ ឃុំមហាឬស្សី ស្រុកគងពិសី (ឃាត់ខ្លួន)។ ចំណែកអ្នករត់គេច មានឈ្មោះ ណន វុទ្ធី (រត់រួច) និងម្នាក់ទៀត ឈ្មោះ ថូ ថុន ហៅ ស្វិត (រត់រួច)។
ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចដកហូតសម្ភារៈជាវត្ថុតាង នៅកន្លែងឃាត់ខ្លួនរួមមាន ១. ថ្នាំសំរាប់បំពុលឆ្កែចំនួន១ (ថង់ពណ៌ខ្មៅ), ២. ទល់ណឺវ៉ីស១ដើម, ៣. សាំង២ដប (ចំនួន០១លីត្រ), ៤. ដង្កាប់តូច១ដើម, ៥. ម៉ូតូ០១គ្រឿង ម៉ាក C125 សេរី២០១៣ ពណ៍ខ្មៅ, ៦. ទឹកសុទ្ធ០១យួរ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពបំពុលឆ្កែ គាស់ផ្ទះ លួចម៉ូតូ និងលួចទ្រព្យសម្បត្តិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាច្រើន លើកពិតប្រាកដមែន។
ក្រោយមកក៏មានការអនុវត្តន៍ ក្រោមកិច្ចដឹកនាំដោយផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត និងមានការឯកភាព ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងការិយាល័យព្រហ្មទណ្ឌខេត្ត កំលាំងនគរបាលស្រុកសំរោងទង បានសហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល និងកំលាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០៩ និង១០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានចុះធ្វើការឆែកឆេរនៅផ្ទះ របស់ឈ្មោះ ណន វុទ្ទី ស្ថិតក្នុងភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជយ័ និងផ្ទះរបស់ឈ្មោះ ថូ ថុន ហៅដា ឫហៅស្វិត នៅភូមិឈើលំ ឃុំមហាឬស្សី ស្រុកគងពីសី។ ក្នុងនោះដកហូតសម្ភារៈដែលក្រុមចោរ ធើ្វសកម្មភាពបានមួយចំនួន ៖
- ស្លាកលេខម៉ូតូ ចំនួន ៤ ផ្លាក។
- ប្រដាប់កិបស្លាកលេខ និងឧបករណ៍កាត់ដែក និងឆាបសោរម៉ូតូ។
– ថ្នាំបំពុលឆ្កែ ចំនួន ០៣ កំប៉ុងធំ។
- ខ្នងកង់ ម៉ូតូ ចំនួន ០៤។
- សម្ភារៈកែឆ្នៃ ជួសជុលម៉ូតូមួយចំនួនទៀត។
ក្នុងនោះដែរ រកឃើញឯកសណ្ឋាននគរបាលជាតិ ដែលមានស្លាកឈ្មោះ អនុសេនីយ៍ ដាំ សារិន អត្តលេខ ០១២៧៨ ឈ្មោះ ដាំ សារិន ឆ្លើយសារភាពថា ជាឯកសណ្ឋានរបស់ខ្លួន ទិញពីគេនៅភ្នំពេញ រួមជាមួយស័ក្តិ និងធ្វើស្លាកឈ្មោះ ដោយក្លែងបន្លំធ្វើជានគរបាលជាតិ ដើម្បីធ្វើសកម្មភាពលួច ប្លន់ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នមុខសញ្ញាចោរលួចទាំងពីរនាក់ ត្រូវបានជំនាញកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការ និងបន្ដស្វែងរកចាប់ខ្លួន មុខសញ្ញាគេចខ្លួនដើម្បីចាត់ការតាមនីតិវិធី៕ អ៊ុ ណូន






