ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យរដ្ឋមន្ត្រីការពារជាតិរបស់លោក កំណត់បទឈប់បាញ់រយៈពេល ៣៦ម៉ោង នៅលើខ្សែបន្ទាត់ជួរមុខអ៊ុយក្រែន ដោយចាប់ផ្តើមពីថ្ងៃសុក្រ។ បទឈប់បាញ់ ដែលគ្រោងនឹងចាប់ផ្តើមនៅម៉ោង 12:00 ម៉ោងនៅទីក្រុងមូស្គូ ស្របពេលជាមួយនឹងបុណ្យណូអែលគ្រិស្តអូស្សូដក់ របស់រុស្ស៊ី។ លោកពូទីនបានស្នើឲ្យអ៊ុយក្រែនតបស្នងវិញ ប៉ុន្តែក្រុងកៀវបានច្រានចោលសំណើនេះភ្លាមៗ។ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា បទឈប់បាញ់នេះគឺជាការប៉ុនប៉ង ដើម្បីបញ្ឈប់ការរីកចំរើនផ្នែកយោធារបស់ប្រទេសលោក។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ហាក់ដូចជាសង្កត់ធ្ងន់ថាប្រធានាធិបតីពូទីន បានបញ្ជាឱ្យកងទ័ពរបស់ខ្លួនបញ្ឈប់ការប្រយុទ្ធ មិនមែនដោយសារតែគាត់កំពុងបន្ថយឡើយ ប៉ុន្តែដោយសារតែគាត់បានស្តាប់ការអំពាវនាវពីប្រមុខសាសនាគ្រិស្តអូស្សូដក់ របស់រុស្ស៊ី។ ប៉ុន្តែនៅក្នុងសុន្ទរកថា តាមវីដេអូពេលយប់របស់គាត់ ប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថា រុស្ស៊ីចង់ប្រើបទឈប់បាញ់ជាគម្រប ដើម្បីបញ្ឈប់ការរីកចំរើនរបស់អ៊ុយក្រែន នៅក្នុងតំបន់ ដុនបាស ភាគខាងកើត៕
ប្រែសម្រួលដោយ: ជ ង៉ា