ក្រិក៖ បុគ្គលិកសង្គ្រោះបន្ទាន់ បាននិយាយថា បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ ហើយមនុស្សពីរនាក់បានបាត់ខ្លួន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកបាននាំមកនូវទឹកជំនន់ដ៏ធំ ដល់កោះក្រេត (Crete) ជាកោះធំបំផុតរបស់ប្រទេសក្រិក។
ជនរងគ្រោះជាបុរសអាយុ៥០ឆ្នាំ ត្រូវបានជាប់នៅក្នុងរថយន្ត ខណៈពេលភ្លៀងបានចាប់ផ្តើមធ្លាក់នៅលើកោះក្រេត ភាគខាងត្បូង ដែលជាកន្លែងកម្សាន្តដ៏ពេញនិយមមួយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីការខូចខាតយ៉ាងធំ នៅក្នុងភូមិមាត់សមុទ្រ ហើយផ្លូវបានក្លាយទៅជាទន្លេ បានហូរនាំអ្វីៗគ្រប់យ៉ាងទៅ។
យ៉ាងហោចណាស់ មានរថយន្តចំនួន៩គ្រឿង ហ៊ុំព័ទ្ធដោយទឹកជំនន់លើអ្នកទេសចរប្រាំបីនាក់ និងសន្តិសុខម្នាក់ ក៏ត្រូវបានជាប់គាំងនៅសារមន្ទីរបុរាណវិទ្យា ក្នុងទីក្រុងរមណីយដ្ឋានឆ្នេរសមុទ្រ ស៊ីធៀ (Sitia)ផងដែរ ។
សេវាសង្គ្រោះបន្ទាន់បានទទួលការហៅទូរស័ព្ទ ជាង៤៥០ ដងក្នុងរយៈពេលត្រឹមតែមួយម៉ោង ខណៈវិសាលភាពនៃបញ្ហាកាន់តែកើនឡើង៕
ប្រែសម្រួលដោយ ប៊ុន សុភាព






