ខេត្តឧត្តរមានជ័យ ៖ មន្ទីរមន្ត្រីធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានអោយដឹងថា ភ្លៀងធ្លាក់ជាប់គ្នាធ្វើអោយទឹកនៅតាមបណ្ដាអាងស្តុបទឹកមួយចំនួនក្នុងខេត្ត ត្រូវបានបើកបង្ហូរទឹកចេញខ្លះៗ និងបណ្តាអាងស្តុបទឹកផ្សេងៗ ទៀតនៅខ្វះទឹកសម្រាប់រក្សាទុកនៅឡើយ។
តាមការអោយដឹងពី លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បើគិតចាប់ត្រឹមពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ អាងស្តុកទឹកមួយចំនួន ត្រូវជំនន់ទឹកភ្លៀងជនលិចរហូតដល់កំរិតប្រកាសអាសន្ន ដែលធ្វើអោយមន្ត្រីជំនាញសម្រេចចិត្ត បើកបង្ហូរទឹកចេញខ្លះ ដើម្បីជៀសវាងពីផលប៉ះពាល់។
លោកបានបន្ថែមថា ស្ថានភាពមានភ្លៀងធ្លាក់ នៅផ្នែកខាងលើនៃជួរភ្នំ តាមព្រំដែនរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាក៏ពិតមែន ក៏ប៉ុន្តែវាមិនទាន់មានទឹកជនលិចមកផ្នែកខាងក្រោម បង្កឲ្យមានផលប៉ះពាល់ដល់ផ្ទះសម្បែង និងស្រែចំការ ផលដំណាំរបស់ប្រជាកសិករ ដូចឆ្នាំមុនៗនោះទេ។
លោកបន្តថា ស្ថានភាពទឹកក្នុងអាងស្តុកទឹកទំនប់០៥ បានជន់លិចឡើងដល់កំរិតប្រកាសអាសន្ន កំពស់ទឹក២,២០ម៉ែត្រ ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ និងទំបន់លោក ទំនប់ទឹកត្រពាំងវែង ស្ថិតក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ដោយមន្ត្រីជំនាញ បានធ្វើការបើកបង្ហូរទឹកចេញជាបណ្តើរៗ ដើម្បីបន្តចូលទៅក្នុងអាងស្តុបទឹកធំៗ នៅផ្នែកខាងក្រោម។ ម្យ៉ាងទៀតដើម្បីការពារ នៅពេលដែលមានប្រភពទឹកខ្លាំងចូលមក បើកបង្ហូរចេញមិនទាន់ ដែលជាបញ្ហាបង្កអោយមានផលប៉ះពាល់ដល់ផលប្រយោជន៍ផ្សេងៗដូចឆ្នាំមុនៗនោះផងដែរ។ ដូចជាអាងស្តុបទឹកបឹងតាម៉ុក ស្រុកអន្លង់វែង ដែលជាទីស្តុកទឹកដ៏សំខាន់មួយ និងក៏ជាអាងរំដោះទឹក ពីអាងស្តុបទឹកលេខ០៥ (សូន្យប្រាំ) ក្នុងស្រុកត្រពាំងប្រាសាទ។
លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានបញ្ជាក់ទៀតថា នៅក្នុងខេត្តឧត្តរមានជ័យ សព្វថ្ងៃនេះ ក្រៅពីប្រព័ន្ធធារាសាស្ត្រធុនធំ ចំនួន៣កន្លែង ហើយមានប្រព័ន្ធធារាសាស្ត្រធុនមធ្យម និងធុនតូច សរុបទាំងអស់ចំនួន៧០កន្លែង នៅតាមបណ្តាស្រុកនានា ក្នុងខេត្ត ដែលកំពុងតែបម្រើអោយផលប្រយោជន៍លើវិស័យកសិកម្ម ក្នុងខេត្តនេះ។









