
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ប្រាប់ថា រហូតមកដល់ពេលនេះ មិនទាន់មានពលករខ្មែរណាម្នាក់នៅក្នុងប្រទេសកូរ៉េផ្ទុកជំងឺកូវិដ ១៩នៅឡើយ ក្រៅពីជនជាតិខ្មែរបីនាក់ជាម្ដាយ ទារកអាយុ៣ខែ និងយាយរបស់ទារកនោះទេ ។
ឯកឧត្តមបណ្ឌិត ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បើទោះបីជាបច្ចុប្បន្ននេះ មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់មានផ្ទុកជំងឺនេះក្ដី ក៏រដ្ឋាភិបាលកូរ៉េ បានយកចិត្តទុកដាក់និងបង្កាពួកគេមិនអោយមានការព្រួយបារម្ភឡើយ ក្នុងនោះ ពួកគេត្រូវអនុវត្តន៍ទៅតាមការណែនាំរបស់អាជ្ញាធរកូរ៉េ និងអង្គការសុខភាពពិភពលោកផងដែរ ។
ឯកឧត្តមមានប្រសាសន៍បន្តថា ស្ថានភាពនៃការរាលដាលជំងឺកូវីដ ១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺត្រូវបានចាត់ទុកថាមានទំហំធំធេង កាលពីដំបូងដោយផ្ដើមចេញពីព្រះវិហារមួយ នៅក្នុងខេត្តជីយ៉ុងសាំង ក្នុងនោះ ៥៨,៧ភាគរយនៃអ្នកផ្ទុកជំងឺនេះ គឺចេញពីព្រះវិហារឈីនយ៉ុនជិ និង៨២ភាគរយនៃអ្នកផ្ទុកសរុបគឺ នៅក្នុងខេត្តជីយ៉ុងសាំង ។
កាលជំងឺនេះផ្ទុះដំបូងៗនៅក្នុងប្រទេសកូរ៉េ ត្រូវបានរកឃើញជាង៩០០នាក់ក្នុងមួយថ្ងៃ តែក្រោយមកក៏បានធ្លាក់មកនៅត្រឹម១០០នាក់ចាប់បីថ្ងៃទី១៥មីនា ២០២០ និងចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗ ។
ចំណែកអ្នកដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅក្នុងប្រទេសកូរ៉េ ក៏បានជាសះស្បើយបន្តិចម្ដងៗនិងអនុញ្ញាតអោយពួកគេត្រលប់ទៅផ្ទះវិញបន្តបន្ទាប់ផងដែរ បន្ទាប់ពីធ្វើតេស្តឃើញអវិជ្ជមាន ។
ឯកឧត្តមបញ្ជាក់ថា ក្នុងនាមជាអ្នករងគ្រោះដោយសារតែជំងឺនេះដូចគ្នាហើយកម្ពុជាក៏កំពុងជួបបញ្ហានឹងជំងឺកូវីដ ១៩ដូចគ្នា កូរ៉េ បានសម្រេចផ្ដល់ជំនួយជាសម្ភារៈបរិក្ខាពេទ្យ សម្រាប់ទប់ទល់នឹងកូវីដ ១៩ និងសម្រាប់សកម្មភាពផ្សេងៗតាមតម្រូវការរបស់កម្ពុជាគិតជាទឹកប្រាក់ប្រមាណ៨,៥លានដុល្លារអាមេរិកផងដែរ ។
គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី០៦ មេសា ២០២០នេះ ប្រទេសកូរ៉េខាងត្បូងរកឃើញអ្នកផ្ទុកជំងឺកូវីដ ១៩ ចំនួន ១០.២៨៤នាក់ ក្នុងនោះ មានអ្នកស្លាប់ចំនួន ១៨៦នាក់ អ្នកជាសះស្បើយ មានចំនួន ៦.៥៩៨នាក់ និងអ្នកកំពុងសង្ស័យ ក៏មានចំនួន៣.៥០០នាក់ផងដែរ ។ ដោយឡែកសម្រាប់ក្រុមគ្រួសារកម្ពុជា ដែលមានគ្នាបីនាក់ផ្ទុកកូវីដ១៩នោះ ក៏កំពុងត្រូវបានយកចិត្តទុកដាក់ព្យាបាលដូចនឹងប្រជាជនកូរ៉េខាងត្បូងដែរ ៕