
ឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណ រដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការស្ងប់ស្ងែង និងវាយ តម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ដែលបានបូជា លះ បង់យ៉ាងធំធេង ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។
ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានលើកឡើងបន្ថែមថា តាំងពីប្រទេសទាំងពីរភ្ជាប់ចំណងការទូតមក ទំនាក់ទំនងរវាងកម្ពុជា -អ៊ីរ៉ង់ គឺជាទំនាក់ទំនងមិត្តភាព និងស្ថាបនា។
ដើម្បីពង្រឹងសន្ទុះទំនាក់ ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានស្នើជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរឱ្យបានញឹកញ៉ាប់ និងក្នុងន័យនេះ បានពាំនាំនូវការអញ្ជើញរបស់ប្រធានសភាអ៊ីរ៉ង់ គោរពអញ្ជើញ សម្តេចតេជោ បំពេញទស្សន កិច្ចនៅអ៊ីរ៉ង់ តាមពេលវេលាសមស្រប។ នៅក្នុងស្មារតីដូចគ្នានេះ ឯក ឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីអ៊ីរ៉ង់ ក្នុងការគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេវិទ្យា វិស្វកម្ម ឧស្សាហកម្ម និងវិស័យដទៃទៀត ដូចជាទេសចរណ៍ជាដើម។
សម្តេចតេជោ មានប្រសាសន៏ថា អ៊ឺរ៉ង់គឺជាប្រទេសមួយដែលអាចគាំទ្រកម្ពុជាពង្រឹងសន្តិសុខថាមពលរបស់ខ្លួន។
នៅក្នុងបរិបទនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍គាំទ្រឱ្យប្រទេសទាំងពីរលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មតាមរយៈការជំរុញស្នូលទៅលើការបង្កើតគណៈកម្មការចម្រុះសេដ្ឋកិច្ច- ពាណិជ្ជកម្ម ដែលនឹងក្លាយជាយន្តការផ្លាស់ប្តូរការពិភាក្សាគ្នាទៅលើវិស័យទាំងនេះ ក៏ដូចជាវិស័យដទៃទៀត។
ស្តែងចេញពីយន្តការនេះ ភាគីទាំងពីរអាចចាប់ផ្តើមជំរុញការរៀបចំកិច្ចព្រមព្រៀងស្តីពីការពារវិនិយោគរវាងប្រទេសទាំងពីរ។
បន្ថែមពីលើនេះ សម្តេចតេជោបានលើកឡើងជាអនុសាសន៍ឱ្យអ៊ីរ៉ង់ផ្តោតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ដោយងាកសម្លឹងមកទិសខាងកើត តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ប្រទេសនានានៅក្នុងតំបន់ និងក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរសេដ្ឋកិច្ចតំបន់ ដូចជាអាស៊ិប (RCEP) ជាដើម។
សម្តេចតេជោ ក៏បានបញ្ជាក់អំពីគោលជំហររបស់កម្ពុជាពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដូចជានៅតំបន់មជ្ឈិមបូព៌ា និងក្នុងស្មារតីនេះ បានស្នើឱ្យជំរុញយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ចំពោះបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ៕

