ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យចក្រភពអង់គ្លេសជួយផ្ដល់សាស្ត្រាចារ្យ និងជួយពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំ នួបជាមួយលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលម៉ិញ នៅទី ស្តីការក្រសួង។
លោកជំទាវឯកអគ្គរាជទូតអង់គ្លេស បានលើកឡើងអំពីការផ្តល់អាហារូបករណ៍ រយៈពេលខ្លីតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ដល់កម្ពុជា តាមរយៈកម្មវិធីភាពជាអ្នកដឹកនាំហេដ្ឋារចនាសម្ព័ន្ធរបស់អាស៊ាន ក្រោមការឧបត្ថម្ភ និងគាំទ្រពីរដ្ឋាភិបាលចក្រភពអង់គ្លេស។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្នឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ជាពិសេសការពង្រីកផ្លូវរថភ្លើងឱ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិ ផែនការមេគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅទូទាំងប្រទេស និងការបន្តជំរុញ និងលើកទឹកចិត្តការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី។
ទាក់ទងនឹងការបន្តជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តថាមពលអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំបង្កើតក្រុមការងារពិសេសអន្តរក្រសួងមួយ ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងរថយន្តថាមពលអគ្គិសនីនេះ ដើម្បីជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តប្រភេទនេះកាន់តែទូលំទូលាយ និងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីវិស័យឯកជនផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីគម្រោងដាក់ដំណើរការជាបណ្ដោះ អាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅដើមតុលា ឆ្នាំ២០២២ ជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់របស់កម្ពុជា ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនអាចប្រើប្រាស់ដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែ៕




4





