
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៏ថា ភាពជោគជ័យនៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាននាំលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជា ជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព ចុះទស្សនកិច្ចសកម្មភាពបោសសម្អាតមីនរបស់អង្គការ APOPO ស្ថិតក្នុងភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោកអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ពីសមត្ថភាព និងជំនាញនៃការបោសសម្អាតមីនរបស់កម្ពុជា ហើយបានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកដោះមីនកម្ពុជា មិនត្រឹមតែបំពេញការងារក្នុងការបោសសម្អាតមីនប៉ុណ្ណោះទេ ថែមទាំងជួយដល់ជនរងគ្រោះនៅតាមសហគមន៍ ព្រមទាំងរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌ និងរក្សាសន្តិភាពនៅក្រៅប្រទេស ទៀតផង។ ក្នុងឱកាសនោះ លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងរួមចំណែកក្នុងការធានាបាននូវសុខសុវត្ថិភាព និងសន្តិភាពដល់បណ្តាប្រទេសនានា តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហ ប្រជាជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ភាពជោគជ័យនៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យកម្ពុជារួចចាកផុតពីមរតកសង្រ្គាម។
ឯកឧត្តមទេសរដ្ឋមន្រ្តី គូសបញ្ជាក់ទៀតថា ខេត្តព្រះវិហារ គឺជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលបាននិងកំពុងទទួលផលប្រយោជន៍ពីគម្រោងបោសសម្អាតមីនរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រ ជាជាតិ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គការសហប្រជាតិ នៅចម្ការមីនកំពុងបោសសម្អាតរបស់អង្គការ APOPO គាំទ្រពីប្រទេសបែលហ្សិក គឺជាផ្នែកមួយក្នុងការរួមចំណែកធ្វើឱ្យខេត្តព្រះវិហារប្រសើរឡើង និងរួចផុតពីគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេសឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបានសុខសុវត្ថិភាពដល់សហគមន៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកកោះកេរ៕




