ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ-អង្គភាពជុំវិញខេត្ត ផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឱ្យរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ-អង្គភាពជុំវិញខេត្ត ផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។
ការស្នើនេះធ្វើឡើង ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ-អង្គភាពជុំវិញខេត្ត ដើម្បីត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសិទ្ធនាម “កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន”។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីតួនាទី និងកិច្ចការសំខាន់ៗរបស់កម្ពុជាក្នុងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្នុងនោះរួមមានការជំរុញសកលភាវូនីយកម្មនៃអនុសញ្ញា (ការកៀរគរប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុញ្ញា) ការជំរុញការងារបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។ ពាក់ព័ន្ធនឹងការជំរុញសកលភាវូនីយកម្មនៃអនុសញ្ញា កម្ពុជា បានកំណត់គោលដៅប្រទេសមួយចំនួនរួចហើយ សម្រាប់ធ្វើការសម្របសម្រួលដែលប្រទេសទាំងនោះអាចនឹងផ្តល់សច្ចាប័ន/យល់ព្រមលើការចូលរួមអនុសញ្ញា ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញានេះ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងនាមជាប្រធាន កម្ពុជាមានកាតព្វកិច្ចក្នុងការចលនាកៀរគរធនធានពីបណ្តាប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពមីននៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ដែលកំពុងត្រូវការ និងប្រតិបត្តិការសកម្មភាពមីនរបស់ខ្លួន។ ជាមួយគ្នានោះ កម្ពុជា នឹងមានកាតព្វកិច្ចសំខាន់ចំនួនពីរបន្ថែមទៀតរួមមាន ទី១/.ដឹកនាំរាល់កិច្ចប្រជុំនានានៃអនុសញ្ញាដែលទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទី២/.ចូលរួមរាល់សន្និសីទសកលផ្សេងៗទៀតពាក់ព័ន្ធនឹងសកម្មភាពមីន។
សូមជម្រាបថា កិច្ចប្រជុំកំពូលនេះ នឹងមានការចូលរួមពីរដ្ឋភាគីចំនួន១៦៤ប្រទេស រដ្ឋមិនទាន់ក្លាយជារដ្ឋភាគី អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីន ក្រោមអធិបតីភាពបើកដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕






