ញូយ៉ក÷ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Dang Hoang Giang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំអង្គការសហប្រជាជាតិ បុរីញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីលទ្ធភាពរបស់វៀតណាមចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរ គុណចំពោះការគាំទ្ររបស់វៀតណាមអនុសញ្ញាអូតាវ៉ា និងលើកទឹកចិត្តឱ្យប្រទេសវៀតណាមពិចារណា និងបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញា ព្រមទាំងបានអញ្ជើញប្រទេសវៀតណាម ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ខាងមុខ។
ឯកឧត្តម Dang Hoang Giang បានសម្តែងនូវការអបអរ សាទរ និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំ និងការរៀបចំជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ហើយវៀតណាម រីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងជាប្រធានអនុសញ្ញា។
ជាការឆ្លើយតបនឹងសំណើរបស់កម្ពុជា ឯកឧត្តម Dang Hoang Giang បានគូសបញ្ជាក់ថា វៀតណាម អាចនឹងក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា នាពេលអនាគត ហើយសំណើរបស់កម្ពុជា ឯកឧត្តម នឹងបញ្ជូនសំណើទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិនិត្យពិចារណា និងបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យពិនិត្យលទ្ធភាពបញ្ជូនគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ខាងមុខ។
ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតវៀតណាម បានស្នើសុំឱ្យមានការគាំទ្រជំនួយបច្ចេកទេសពីកម្ពុជា និងអនុសញ្ញាអូតាវ៉ាលើការ៖ ទី១/.យល់ដឹងជាសាធារណៈអំពីអនុសញ្ញាតាមរយៈសិក្ខា សាលា និងការបណ្តុះបណ្តាល និង ទី២/. ការកសាងសមត្ថភាពសម្រាប់ការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ៕






