ខេត្ដព្រៃវែង ៖ បុរសម្នាក់ទៅឆក់ត្រីភ្លាត់ ស្នៀតឆក់ខ្លួនឯងស្លាប់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង4និង10នាទីល្ងាច ថ្ងៃទី2 ខែសីហា ឆ្នាំ2018 នៅចំណុចស្រះទឹក ខាងក្រោយផ្ទះរបស់ឈ្មោះ ទូច ថុល ភេទប្រុស អាយុ58ឆ្នាំ ស្ថិតក្នុងភូមិព្រៃចំការជើង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល ដកស្រង់ប្រភពព៌តមានពីអ្នកជិតខាងបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះ វ៉េង ជីវ៉ា ភេទប្រុស អាយុ32ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ បានស្ពាយអាគុយ និងដុំភ្លើងទៅឆក់ត្រី នៅស្រះទឹកខាងក្រោយផ្ទះរបស់ឈ្មោះ ទូច ថុល ចំងាយប្រហែល30ម៉ែត្រពីភូមិ។ លុះមួយសន្ទុះមានក្មេងឃ្វាលគោ រត់មកប្រាប់អ្នកភូមិថា ជនរងគ្រោះទៅឆក់ត្រីឆ ក់ខ្លួនឯងស្លាប់។ ភ្លាមនោះក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិក៍នាំគ្នារត់ទៅមើល ក៍ឃើញជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ ក៍រាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ធានឲ្យបានដឹង។
ក្រោយទទួលបានព៌តមាន កម្លាំងជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ ចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គីសនីអាគុយដុំភ្លើងឆក់ត្រី ឆក់ខ្លួនឯងស្លាប់ប្រាកដមែន។ បន្ទប់ពីមានការឯកភាពពីក្រុមគ្រួសារ សមត្ថកិច្ចក៍បានធ្វើកំណត់ហេតុ ប្រគល់សពជួនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់










