ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់រងរបួសធ្ងន់ធ្ងរ ដាច់ជើងទាំង២ និងរយះខ្លួនប្រាណ ដោយគ្រោះថ្នាក់ជាន់មីនផ្ទុះ នៅចំណុច (លូ៣) ចន្លោះបង្គោលព្រំ ដែនលេខ២៧-២៨ ស្ថិតក្នុងភូមិថ្មរមៀល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។
លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោក វរសេនាតូច៨០៧ បានអោយដឹងនៅព្រលប់ថ្ងៃទី១ ខែសីហាថា៖ ករណីផ្ទុះមីនដូចវេលាខាងលើ ស្ថិតត្រង់ចំណុចជើងភ្នំដងរ៉ែក ចន្លោះបង្គោលសីម៉ាលេខ ២៧ – ២៨ ស្ថិតនៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកមេបញ្ជាការបានឲ្យដឹងទៀតថា យុវជនរងគ្រោះមានឈ្មោះ អឿន នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិរំដួលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ដោយមុនពេលកើតហេតុ ជនរងគ្រោះបានទៅដាក់អន្ទាក់សត្វ នៅចំណុចខាងលើ ហើយបានដើរជាន់មីន កប់សម័យសង្រ្គាម បណ្តាលឲ្យផ្ទុះរងបួសដាច់ជើងឆ្វេង និងជើងស្តាំ ហើយរបួសខ្លួនប្រាណដាច់រយះ រហែកធ្ងន់ធ្ងរទៀតផង រួចត្រូវក្រុមគ្រួសារនាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក រួចបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ៕











