ព្រៃវែង ៖ ពីរនាក់ឪពុក និងកូនស្រី ទៅរាយសន្ទូចបានមួយយប់តែមិនឃើញត្រលប់មកវិញ លុះព្រឹកឡើងថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 ប្រពន្ធ និងអ្នកជិតខាងក៏ចេញទៅតាមរក ប្រទះឃើញសពអណ្តែតទឹក ស្លាប់យ៉ាងអាណោចអាធ៌ម នៅចំណុចរណ្តៅដីអាអុិច កណ្តាលវាលស្រែ ស្ថិតក្នុងភូមិពោធិ៍រៀង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
បើតាមការរៀបរាប់ ពីក្រុមគ្រួសារជនរងគ្រោះ បានប្រាប់សមត្ថកិច្ចនគរបាលថា នៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2018 វេលាម៉ោងប្រហែល 2រសៀល ជនរងគ្រោះឈ្មោះ រឿន រិទ្ធិ ភេទប្រុស អាយុ45ឆ្នាំ បាននាំកូនស្រី ឈ្មោះ រិទ្ធិ ស្រីមុិច អាយុ14ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ទៅរាយសន្ទូចនៅចំណុចវាលប្រាសាទខាងជើង ហើយបានបាត់ខ្លួនរហូត មិនឃើញត្រលប់មកផ្ទះវិញទេ។ លុះព្រឹកឡើងថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 ប្រពន្ធបានពឹងគេឯងអ្នកជិតខាង ឲ្យជួយទៅតាមរកប្តី និងកូន។ មកដល់ស្រាប់តែទៅនៅចំណុចដែលប្តី និងកូនទៅរាយសន្ទូច ក៍បានប្រទះឃើញសពប្តីនិងកូនអណ្តែតទឹក នៅក្នុងរណ្តៅដីអាអុិចដែលគេជីក តាំងពីខែប្រាំង ស្លាប់យ៉ាងអាណោចអាធ៌ម។
ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចនគរបាលជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ធបាល និងអាជ្ញាធរភូមិ ឃុំ បង្កើតគណៈកម្មាការពិនិត្យ និងធ្វើកោសល្យវិច្ច័យសពជនរងគ្រោះទាំង២នាក់យ៉ាងយកចិត្តទុកដាក់បំផុត។ បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយករណីលង់ទឹកពិតប្រាកដមែន ព្រោះមិនមានស្លាកស្នាមពាក់ព័ន្ធ ទៅនឹងករណីអ្វីផ្សេងនោះទេ។ ដោយមានការឯកភាពពីក្រុមគ្រួសារ ទើបសម្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ រៀបចំធ្វើទៅធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់










