ខេត្ដកំពង់ស្ពឺ ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ បានលង់ទឹកទំនប់ចាន់ថ្នាល (ក្រាំងចេក) ខណៈដែលចុះទៅរាវរកលៀសយកមកធ្វើម្ហូប ប៉ុន្តែសំណាងអាក្រក់ ដើររាវដល់រណ្តៅជ្រៅ ហើយក៏លង់ទឹកស្លាប់តែម្តង កាលពីវេលាម៉ោង ០៨ និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបឹងទំនប់ចាន់ថ្នាល ស្ថិតក្នុងភូមិក្រាំងជង្រុក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកឧដុង្គ បាននិយាយអោយដឹងថា ជនរងគ្រោះមានឈ្មោះ ថន ស្រីម៉ុច ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ រស់នៅភូមិទួលស្តៅ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលស្រុកបាន បន្តអោយដឹងទៀតថា នៅមុនពេលកើតហេតុ គឺក្មេងស្រីរងគ្រោះ បានប្រាប់ឪពុកម្តាយថាទៅរាវលៀស ដោយសារតែជីវភាពក្រីក្រ ហើយឈប់សំរាក ក៏បានទៅរកយកមកធ្វើម្ហូប នៅក្នុងទំនប់ចាន់ថ្នាល ហើយក៏ដើរជ្រុល ធ្លាក់ចូលក្នុងរណ្តៅជ្រៅជាង៥ម៉ែត្រ បណ្តាលអោយលង់ទឹកស្លាប់តែម្តង ហើយមិនមានអ្នកណាដឹងនោះទេ។ លុះពេលបាត់កូនមិនឃើញត្រឡប់មកផ្ទះ ក៏ចេញមករក ឃើញស្បែកជើង មានការភ្ញាក់ផ្អើល រាវរកឃើញស្លាប់បាត់ទៅហើយ។
បន្ទាប់ពីរាវរកឃើញសព នគរបាលចុះពិនិត្យសន្និដ្ឋានថា ពិតជាស្លាប់ដោយសារតែលង់ទឹកស្លាប់ពិតប្រាកដមែន រួចប្រគល់សពអោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ អ៊ុ ណូន







