ខេត្ដពោធិ៍សាត់ ៖ គួរឲ្យសង្វេកដល់បុរសរងគ្រោះជាកូនប្រសារម្នាក់ បានទៅសួរសុខទុក្ខឪពុកក្មេកដែលកំពុងសម្រាកព្យាបាលនៅផ្ទះ តែដូចជាទៅសម្លាប់ខ្លួនឯង ខណៈដែលរូបគាត់ត្រូវឪពុកក្មេក ប្រើឲ្យកាប់ដើមឈើធំមួយដើមនៅក្បែរផ្ទះឪពុកក្មេកនោះចេញ។ លុះដើមឈើរលំ ជនរងគ្រោះគេចមិនផុតក៏ត្រូវដើមឈើធំមួយដើមនោះ រលំសង្កត់បណ្តាលឲ្យរូបគាត់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ករណីនេះកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ អ៊ូ ណូក ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានចេញពីផ្ទះរបស់ខ្លួន ទៅសួរសុខទុក្ខឪពុកក្មេកមានជម្ងឺនៅផ្ទះ ស្ថិតក្នុងភូមិធ្នោះតាចាប ឃុំស្នាមព្រះ។ ដែលកូនប្រសារជាជនរងគ្រោះទៅដល់ ឪពុកក្មេកក៏ប្រើកូនប្រសារឲ្យកាប់ដើមឈើធំមួយដើម នៅក្បែរផ្ទះរបស់គាត់ ជនរងគ្រោះក៏ទៅកាប់ដើមឈើនោះ ដូចពាក្យឪពុកក្មេកប្រើ តែចៃដន្យអាក្រក់ដើមឈើនោះក៏ដាច់ពីគល់ រលំសង្កត់ជនរងគ្រោះស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។
ប្រភពមួយទៀតបានបញ្ជាក់ដែរថា បើតាមការប្រម៉ើលមើល ជនរងគ្រោះកាប់ដើមឈើមួយដើមនេះ ទំនងប៉ះចំដើមឈើដែលអ្នកតាកាន់ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ។ ដោយឡែកបើតាមការអះអាងរបស់សមត្ថកិច្ចនគរបាល និងអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ឲ្យដឹងថា ក្រោយពេលចុះដល់កន្លែងកើតហេតុ គេសង្កេតឃើញថាជនរងគ្រោះឈ្មោះ អ៊ូ ណូក ត្រូវបានដើមឈើរលំសង្កត់ស្លាប់ ដោយជនរងគ្រោះគេចមិនផុតពីការរលំសង្កត់នៃដើមឈើនោះ ទើបស្លាប់យ៉ាងនេះ។
គួររំលឹកផងដែរថា សាកសពជនរងគ្រោះជានិវត្តជនអតីតៈបម្រើការងារក្នុងជួរមន្ត្រីរាជការ ហើយត្រូវអាជ្ញាធរយកចិត្តទុកដាក់ ទាំងកម្លាំងកាយ ចិត្ត ថវិកា និងសម្ភារៈមួយចំនួន ក្នុងការធ្វើបុណ្យឲ្យសមទៅតាមប្រពៃណី៕
អត្ថបទ៖ នគរបាលជាតិ








